ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកគោយន្តដឹកឈើបែកកង់ ក៏ឈប់សម្រាកហើយចុះដងទឹកក្នុងស្រែប៉ះខ្សែកាបលួសមានចរន្តឆក់ស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីក្រុមគ្រួសារបញ្ជួនសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកកោះញែក ក្រោយចរន្តខ្សែកាបលួសឆក់នៅវេលាម៉ោង២២ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែ ក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី គឺខណៈជនរងគ្រោះចុះទៅដងទឹក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យិន ឃីម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ប្រភពថា ជនរងគ្រោះបើកគោយន្តដឹកឈើត្រឡប់មកផ្ទះវិញ លុះដល់កន្លែងកើតហេតុគោយន្តក៏បែកកង់ ហើយក៏ឈប់សំរាកមួយសន្ទុះ ចុះទៅដងទឹកក្នុងស្រែ ក៏ប៉ះខ្សែកាបរលួសមានចរន្តដែលព្រានរាយទុកឆក់សត្វព្រៃនោះ ឆក់តែម្តង ។

ក្រុមគ្រួសារមិនអស់ចិត្តបានដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកកោះញែក គ្រូពេទ្យថា ជនរងគ្រោះស្លាប់ហើយ សាច់ញាតិ ក៏បានយកទៅធ្វើបុណ្យតាមប្រពៃណី ។

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានកោះហៅម្ចាស់ស្រែ ដែលមានអន្ទាក់ខ្សែកាបលួសមានចរន្តឆក់នោះមកសួរនាំ លទ្ធផលយ៉ាងណា នៅពុំទាន់ដឹង ៕ ជីវ័ន្ត


ចែករំលែក៖