ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីជប់លៀងផ្លូវការជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលពិធីជប់លៀងផ្លូវការនេះ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាស់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន អង្គភាពសារព័ត៌មានជាតិ អន្តរជាតិ អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។
ថ្លែងនៅពិធីជប់លៀងផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្តីរីករាយដែលបានមកចូលរួមនៅក្នុងពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០០៩ ដែលប្រារព្ធឡើងយ៉ាងអធិកអធមនាពេលនេះ។
សម្តេចតេជោក៏បានថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងដ៏មានអត្ថន័យនេះ ដើម្បីឆ្លុះបញ្ចាំងនូវចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសគឺការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានការពិភាក្សារួមគ្នាជាមួយគ្រប់ជាតិសាសន៍ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខសន្តិភាព និងវិបុល
ភាព ដើម្បីភាពសុខដុមរមនា នៃប្រជាជននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក។
សម្តេចជោ នាយករដ្ឋមន្ត្រីបាមមានប្រសាសន៍បន្តទៀតថា ការជួបជុំទទួលទានអាហារនារាត្រីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដែលប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានឱកាសបានបង្កើនចំណងមិត្តភាព និងទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ជាពិសេសគឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមក រួមគ្នាថែរក្សានូវគុណតម្លៃសកល និងសុខសន្តិភាពសម្រាប់តំបន់ និងពិភពលោក ដោយប្រកាន់ភ្ជាប់នូវការគោរព និងការយោគយល់គ្នា ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកទាំងបច្ចុប្បន្ន និងទៅអនាគត៕