ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ជើងខាងឆ្វេង ចំណែកយុវជនម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយក្បាលអូសកុងតឺន័រ បើកបុកពីក្រោយម៉ូតូសេ១២៥ កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ អ៊ៃ កុសល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួសបាក់ជើងឆ្វេង ត្រូវជាពូ ចំណែកក្មួយប្រុស រងរបួសស្រាល ឈ្មោះ អ៊ុត តារា ហៅសុផល អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ។ ជនរងគ្រោះទាំង២នាក់ ស្នាក់នៅផ្ទះជួលភូមិព្រៃស្វាយ សង្កាត់ចមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិក្រចាប់លើ ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមសម្តីយុវជនរងបួសស្រាលបានឲ្យដឹងថា មុនកើតហេតុ រូបគេពីនាក់ពូក្មួយ ជិះម៉ូតូសេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-9052 ធ្វើដំណើរចេញពីកន្លែងការងារសំណង់ នៅឯសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល ក្នុងបំណងទៅផ្ទះជួល ដោយពូ ជាអ្នកបើកបរ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ប្រមាណជិត១០០ម៉ែត្រ បានសុីញ៉ូ បំណងឆ្លងផ្លូវ តែរថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ មានតែក្បាល ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0257 បើកស្របទិស សុីផ្លេ មិនឲ្យបត់ឆ្លង លុះដល់ចំណុចកើតហេតុ ម៉ូតូបង្អន់ល្បឿន ស្រាប់តែរថយន្តបើកបំបុកពីក្រោយតែម្តង ហើយបួងចង្កូតទៅស្តាំ តោងកាងរថយន្តជាប់ រងរបួសបាក់ជើងឆ្វេង អ្នកបើកបររត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ