ព័ត៌មានទាន់ហេតុការណ៍៖

លោកជំទាវកិត្ដិសង្គហបណ្ឌិតម៉ែន សំអន៖ អំពាវនាវឲ្យអាចារ្យ-អាចារិនីខ្មែរទាំងអស់ ត្រូវរួមសហការជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់បំពេញភារកិច្ចឲ្យបានល្អតាមក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់

ចែករំលែក៖

ភ្នំពេញ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យ អាចារ្យ-អាចារិនីខ្មែរទាំងអស់ ត្រូវរួមសហការជាមួយគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញភារកិច្ចឲ្យបានល្អតាមក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តិដែលមាន ស្រាប់ ដើម្បីរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនានិងការអភិវឌ្ឍសង្គមជាតិរបស់យើង ចូលរួមទប់ស្កាត់នូវរាល់សកម្ម ភាពនានា តាមរូបភាពយកសាសនាធ្វើអាជីវកម្ម ដែលប ណ្តាលឲ្យមានវិបត្តិសាសនា។ លោក ជំទាវបានអំពាវនាវបែបនេះ ខណៈលោក ជំទាវចូលរួមជាអធិបតីភាព ក្នុងពិធី សំណេះសំណាល ជាមួយតំណាងអាចារ្យ អាចារិនីមកពីទូទាំងប្រទេសចំនួន១០០០នាក់ នៅសាលសន្និសីទចតុមុខ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ អាចារ្យ ទាំងអស់ ត្រូវពង្រឹងការថែរក្សាឲ្យបាននូវក្រមសីលធម៌អាចារ្យខ្មែរ ដោយរក្សាឲ្យបាននូវភាពថ្លៃថ្នូរក្នុងតួនាទីជាអាចារ្យរបស់ខ្លួន និងត្រូវមានការឈ្លាសវៃក្នុងការរកនីតិវិធីដោះសា្រយ សម្របសម្រួលគ្រប់តម្រូវការរបស់បរិស័ទគ្រប់មជ្ឈដ្ឋាន។ អាចារ្យ ទាំងអស់ត្រូវ បន្តពង្រីកចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរដីការ ក្បួន របៀបមង្គល និងពិធីបុណ្យផ្សេងៗបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោល របស់ក្រសួងធម្មការ និង សាសនា ឲ្យកាន់តែមានមូលដ្ឋានច្បាស់លាស់។

លោកជំទាវ បានបន្ដថា៖ អាចារ្យត្រូវ ខិតខំរួមចំណែកអនុវត្ត តាមកម្មវិធី នយោបាយរបស់ រាជរដ្ឋាភិបាល ទាក់ទងទៅ នឹងវិស័យសាសនា ប្រពៃណីទំនៀមទម្លាប់ និងស្វែងយល់ពីការវិវឌ្ឍ រីកចម្រើនរបស់សង្គមជាតិ ហើយយកទៅអប់រំ ផ្សព្វផ្សាយបន្តដល់ពុទ្ធបរិស័ទនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។អាចារ្យគ្រប់រូប ត្រូវ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវសប្បុរសធម៌ទាំង ៧ យ៉ាងរបស់អាចារ្យ និងក្រមសីលធម៌ ដែលបានសិក្សាឆ្វេងយល់កន្លងមក ដើម្បីឲ្យសក្តិសមជាព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍ និងចំណេះដឹងប្រចាំភូមិ ឃុំ ស្រុក ក្រុង ខេត្ត រាជធានី និងតំបន់។ អាចារ្យ អាចារិនី ត្រូវមានការទទួលខុសត្រូវ និងរក្សាបាននូវគុណធម៌ខ្ពស់ ជៀសវាងការប្រព្រឹត្តខុសឆ្គង ប្រកាន់បក្សពួក និន្នាការនយោបាយ រើស អើងវណ្ណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ-អាចារិនីខ្មែរ មិនត្រឹមតែប៉ុណ្ណោះ ត្រូវបំពេញតួនាទីឲ្យបានល្អប្រសើរ សក្តិសមជាអ្នកដឹកនាំកិច្ចពិធី អ្នកបង្ហាត់បង្រៀនអ្នកពន្យល់បង្ហាញ និងជាបុគ្គលដែលគួរគោរព និងចូលរួមក្នុងការថែរក្សានូវកេរ្តិ៍មរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធ-សាសនាឲ្យបានថ្កុំថ្កើងរុងរឿង។

ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា៖ ក្រសួងធម្មការ និងសាសនា សម្រេចបានក្នុងរយៈកាលកន្លងមក តាមរយៈការខិតខំគៀងគរធនធាន តាមគ្រប់រូបភាព ដើម្បីបើកវគ្គបណ្តុះ បណ្តាល និងតម្រង់ទិសតួនាទីអាចារ្យខ្មែរបានជាបន្តបន្ទាប់ ដោយមកទល់នឹងពេលនេះ ក្រសួង បានបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួនរហូតដល់ ៣៤ វគ្គនិងមានសិក្ខាកាមជាអាចារ្យ អាចារិនីមកពីគ្រប់រាជធានី/ខេត្ត ទូទាំងប្រទេស មានចំនួន ១០,៤៩៥ រូប ចូលមកសិក្សារួចមកហើយ ។ សមិទ្ធផលនេះគឺពិតជាបានកើតឡើងដោយសាតែយើងទាំងអស់គ្នាពិសេសគឺរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងបានយកចិត្តទុកដាក់ និងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធានា ដល់ការអភិរក្ស និងអភិវឌ្ឍន៍នូវមរតក វប្បធម៌ជាតិ និងសាសនារបស់យើងឲ្យបានគង់វង្ស និងរុងរឿង៕  សំរិត


ចែករំលែក៖