ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញមានគម្រោងរៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងដោយចាប់ពីស្ពាន៥មករា រហូតដល់ស្តុបចំការមនដើម្បីផ្ដល់ភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់ខណៈ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះវាជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
ការបង្ហាញពីគម្រោងនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ក្រោមអធិបតី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានអាជ្ញាធរខណ្ឌពាក់ព័ន្ធនឹងមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានី ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាការរៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងនេះតំបូងយើងត្រូវរៀបចំចិញ្ចើមផ្លូវ និងរៀបចំស ណ្តាប់ធ្នាប់សាធារណៈ ។ យើងនឹងរៀបចំផ្លូវថ្មើរជើងនេះឲ្យល្អប្រសើរឡើង និងដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតផងដែរ ។
លោកបន្ដថា៖ សណ្តាប់ធ្នាប់សាធារណៈជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅ ។ ដូច្នេះទេការចតលើចិញ្ចើមផ្លូវប្រហែលជាមិនអនុញ្ញាត្តិឲ្យមានទៀតទេ ។ មានមតិខ្លះថានៅស្រុកគេពិសេសនៅប្រទេសបារាំងគេអនុញ្ញាត្តិឲ្យមានការចតលើទ្រូងផ្លូវបានតែគេចតតែមួយជួរ ។ នេះជាការងារដែលយើងត្រូវសិក្សា និងពិភាក្សាគ្នាថាតើយើងត្រូវរៀបចំបែបណា ។
ក្រោយពីមានការពិភាក្សាគ្នារួចរាល់នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានជំរុញ ឲ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនឹងផ្លូវម៉ៅសេទុងនេះសហការជាមួយមន្ត្រីជំនាញ និងមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់រាជធានី ភ្នំពេញចុះសិក្សាពីកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋថាតើបាន ប៉ះពាល់អ្វីខ្លះបន្ទាប់មកយើង និងបង្កើតជាអង្គប្រជុំពិនិត្យ និងសម្រេចម្តងទៀតដោយ យើងនឹងរៀបចំ និងកែលម្អផ្លូវថ្មើរ ជើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងឲ្យបានល្អប្រសើរទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ៕ សំរិត