ភ្នំពេញ៖ បណ្តឹងបរិហាកេរ របស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា និង លោក ហេង ឡុង ចំពោះលោក អ៊ឹម ជីវា បានទៅដល់ដៃមន្ត្រីតុលាការហើយ ទោះបីជាជាយ៉ាងណាការសម្របសម្រួលក្រៅប្រព័ន្ធតុលាការមួយកំពុងតែធ្វើឡើង។
ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា និងប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីលោក អ៊ឹម ជីវ៉ាបង្ហោះសារលាលែងពីតំណែងជាក្រុមប្រឹក្សាភិបាលសមាគម និង ស្នើឲ្យប្រធានសមាគមទាំងពីររូប បកស្រាយលើបញ្ហាមួយចំនួនក្នុងសមាគម ពិសេសរបាយការណ៍គ្រប់គ្រងចំណូលចំណាយរបស់សមាគម ដែលទទួលបានការឧបត្ថម្ភពីថ្នាក់ដឹកនាំប្រទេសនិងសប្បុរសជន។
រហូតមកដល់ថ្ងៃអង្គារទី១៩ ខែវិច្ឆិកានេះលោកនៅមិនទាន់ទទួលបានដីការកោះហៅណាមួយពីមន្ត្រីតុលាការនៅឡើយ ផ្ទុយទៅវិញលោកទទួលបានការអញ្ជើញដើម្បីជួបសម្រសសម្រួលក្រៅប្រព័ន្ធតុលាការពីសំណាក់លោកហេង ឡុង។ លោកថាជំនួបផ្ទាល់ជាមួយលោកហេង ឡុង និងមេធាវីលោក ហេង ឡុងកាលពីព្រឹកមិញនេះទទួលបានផ្លែផ្កាច្រើន ប៉ុន្តែលោកនៅមិនទាន់ប្រាកដនៅឡើយថាស្ថានការណ៍នឹងវិវត្តទៅជាយ៉ាងណានៅឡើយ។ លោកថាជំនួបចចារ និងការថយក្រោយមួយជំហានម្នាក់ដើម្បីបញ្ចៀសការប្តឹងផ្តល់នេះក៏ស្របតាមការចង់បានរបស់មន្ត្រីថ្នាក់ដឹកនាំជាចាស់ទុំ មិត្តសិល្បករ និងមហាជនដែលមិនចង់ឲ្យសិល្បករមានជម្លោះនឹងគ្នា។
លោកបន្តថាជំនួបក្រៅផ្លូវការរវាងលោក និងភាគីពាក់ព័ន្ធនឹងបន្តទៀតដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ លោកបានចាត់ទុកថាវាគឺជាមេរៀននិងបទពិសោធន៍សម្រាប់ជីវិត ហើយក៏នឹងបញ្ចប់ជម្លោះ ខណៈលោកហេង ឡុង ក៏បង្ហាញជំហរក្នុងការថយមួយជំហ៊ានផងដែរ។ ទោះសម្របសម្រួលក្រៅប្រព័ន្ធតុលាការមែន ប៉ុន្តែលោកនឹងមិនមិនវិលចូលខ្លួនបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរវិញនោះទេ ប៉ុន្តែលោកនឹងបន្តសកម្មភាពមនុស្សធម៌តាមរយៈក្រុមការងារផ្ទាល់ខ្លួនវិញដដែល។
ជុំវិញបញ្ហាខាងលើនេះ លោក ហេង ឡុង ជាប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរផងនោះ នៅមិនទាន់អាចសុំអធិប្បាយដោយផ្ទាល់បានទេនៅរសៀលនេះ ដោយលោកលើកឡើងថាកំពុងជាប់ប្រជុំ។
គួរបញ្ជាក់ផងដែរថា រវាងលោក អ៊ឹម ជីវ៉ា និងប្រធានសមាគមសិល្បៈទាំងពីរកើតមានឡើងក្រោយពីលោក អ៊ឹម ជីវ៉ា ស្នើឲ្យមានការស៊ើបអង្កេតជុំវិញករណីអ្នកនៅពីក្រោយកញ្ញា អេង ចរិយា និងអ្នកនាង ធី សុវណ្ណថា ដែលការបង្ហោះសារនេះនាំឲ្យអ្នកនាងចន ច័ន្ទលក្ខិណាលើកឡើងថាជាការចាក់សាំងលើភ្លើងដែលកំពុងតែឆេះ រហូតទាក់ពាក្យសម្តីគ្នាជាបន្តបន្ទាប់៕ វឌ្ឍនា