ភ្នំពេញ៖ ព្រឹត្តិការណ៍សម្ពោធភាពយន្តខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ” របស់ LD បានក្លាយជាវេទិកាជួបជុំសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីអនសែនសុខ ហើយការជួបជុំនេះក៏ដើម្បីអបអរសាទរភាពយន្តខ្មែរដែលត្រូវបានរោងភាពយន្តអន្តរជាតិច្រើនជាង៧ប្រទេសបើកទ្វារស្វាគមន៍។
ទោះមិនមានវត្តមានសម្តែងក្នុងភាពយន្តខាងលើ សិល្បករទាំងអស់ដែលបានចូលរួមបានបង្ហាញពីអារម្មណ៍រំភើប និងមានមោទភាពដែលភាពយន្តខ្មែរត្រូវបានរោងភាពយន្តជាច្រើននៅបណ្តាប្រទេសនានាញេញចិត្តនឹងគុណភាព ហើយបើកភ្លៀងខៀវឲ្យចូលចាក់បញ្ចាំង។
លោក លៀក លីដា ផលិតករនៃខ្សែភាពយន្តខ្នាតធំខាងលើ បានឲ្យដឹងថា លោកមានមោទកភាពនឹងខ្សែរឿងដែលលោកផលិតបាន ព្រោះថា នេះភាពយន្តដំបូងរបស់លោកដែលទីផ្សារអន្តរជាតិព្រមបើកផ្លូវឲ្យទៅដាក់បញ្ចាំងនៅលើទីផ្សាររបស់គេ។ ទាំងនេះ វាសាកសមនឹងដែលលោកបានដាក់ទុនវិនិយោគយ៉ាងសម្បើមដល់ទៅ ជាង ៤០ម៉ឺនដុល្លារអាមេរិក។លោកថា“ដាក់បញ្ចាំងរឿង បាននាំឲ្យខ្ញុំនឹកឃើញកាលពីឆ្នាំ ២០១២ ជាពេលដែលខ្ញុំផលិតកុនដំបូង រឿង “អាបពាក់មួកសុវត្ថិភាព” ពេលនោះ មិត្តភ័ក្ដិខ្ញុំច្រើនបានសើចចំអកខ្ញុំ លក់ឡានយកលុយមកផលិតកុនទាំងដែលពេលនោះ កុនក្នុងស្រុកគេសឹងឈប់មើលទៅហើយ។ វិលមករឿង នាឡិកា ដាស់វិញ្ញាណក៏ដូចគ្នា ខ្ញុំដាក់ទុនច្រើនណាស់ ហើយគេសើចចំអកទៀតថា ដាក់ប៉ុណ្ណឹងសង្ឃឹមអីនឹងបានមកវិញ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំធ្វើមិនមែនគិតតែលុយមួយមុខនោះទេ!”។
លោក លីដា បន្តថា លោកចង់បើកទំព័រថ្មីសម្រាប់ខ្លួនឯង និងសម្រាប់ឧស្សាហកម្មភាពយន្តក្នុងស្រុកផង ទើបដាក់ទុនវិនិយោគច្រើនយ៉ាងនេះ ដោយក្នុងនោះថែមទាំងបាននាំយកតួអង្គប្រុសស្រី ជនជាតិបារាំងមួយចំនួនមកចូលរួមសម្ដែងជាសិល្បករខ្មែរថែមទៀត។ ដោយឡែកបច្ចេកទេសផ្សេងៗ ក៏បានសហការជាមួយអ្នកជំនាញបរទេសទៀតផង ទើបធ្វើឲ្យការចំណាយខ្ពស់ខ្លាំងតែម្ដង។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធនេះ ក៏បានកោតសរសើរចំពោះ “នាឡិកាដាស់វិញ្ញាណ” ដូចគ្នា និងថានេះសញ្ញាណល្អនៃវិស័យសិល្បៈភាពយន្តក្នុងស្រុក។ លោកលើកឡើងថា ការទទួលបានសិទ្ធិយកទៅដាក់បញ្ចាំងនៅទីផ្សារអន្តរជាតិដល់ទៅ ៦ប្រទេស នឹងអាចផ្លាស់ប្ដូរការគិតរបស់បុគ្គលមួយចំនួនដែលថា ភាពយន្តខ្មែរមិនទៅមុខ ឬក៏ដើរថយក្រោយ។
គួរបញ្ជាក់ដែរថា“នាឡិកាដាស់វិញ្ញាណ» ចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដូចជាលោក សន ពិសិដ្ឋ នៅ ដាណា យ៉ែម ស្រីពេជ្រ វ៉ាន់ឌី ពិសិដ្ឋ នូ ឧសា កុមារី សរពេជ្ញ ម៉ានីកា ឃុន សាមេនតា និងសិល្បករក្នុង និងក្រៅស្រុកមួយចំនួនទៀត។ ក្រោយពីបើកសម្ពោធយប់មិញនេះ រឿង “នាឡិកាដាស់វិញ្ញាណ” នឹងដាក់បញ្ចាំងផ្លូវការចាប់ពីថ្ងៃទី ២១ វិច្ឆិកា តទៅនៅគ្រប់រោងភាពយន្តធំៗក្នុងរាជធានី៕ វឌ្ឍនា