ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលបាន ឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាដោយយកពូថៅ កាប់ត្រូវកខាងឆ្វេងមួយពូថៅទៅលើស្ត្រីរងគ្រោះ ដោយសារខឹងមកទារលុយជំពាក់ ។
ហេតការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃរកា ឃំុដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះថាច់ រដ្ឋា អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃរកា ឃំុដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំណែកជនរងគ្រោះមានឈ្មោះ ព្រាប យ៉ុង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ។
បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុ ស្ត្រីរងគ្រោះបានដើរមកផ្ទះជនសង្ស័យដែលនៅក្បែរគ្នាដោយសួររឿងលុយជំពាក់៣០០ដុល្លារ ថ្ងៃណាសង ទើបធ្វើឲ្យមានជម្លោះពាក្យសំដី ស្រាប់តែធ្វើឲ្យជនសង្ស័យខឹង ក៏បានដើរទៅយកពូថៅទៅកាប់ទៅលើជនរងគ្រោះ ត្រូវកខាងឆ្វេងមួយពូថៅ បណ្តាលឲ្យរងរបួសបង្កការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
បច្ចុប្បន្ន សង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន