ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ស្នើសុំអោយឯកអគ្គរដ្ឋទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានាំអ្នកវិនិយោគទុនជប៉ុនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើសុំឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាំអ្នកវិនិ យោគជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀតដើម្បីជម្រុញអោយប្រទេសកមម្ពុជាក៏ដូចជារាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនមួយកម្រិតថែមទៀត។

ការស្នើរសុំបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ០៩រោចខែកត្ដិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវ នឹងថ្ងៃទី២០ វិចិ្ឆកា ឆ្នាំ ២០១៩នេះ ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកមិកាមិម៉ាស្សាហិរូ( H.E. Mr. MIKAMI Masahiro ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថារាជធានីភ្នំពេញបានកើតចេញពីទីក្រុងដែលមិនមានមនុស្សរស់នៅសោះរហូតបានក្លាយជាទីក្រុងមួយមានការអភិវឌ្ឍរីកចំរើនក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនសព្វថ្ងៃនេះហើយការអភិវឌ្ឍរីកចំរើននេះក៏មានការចូលរួមជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីប្រទេសជប៉ុនផងដែរពិសេសអង្គកាចៃកាដែលបានជួយយ៉ាងច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងទឹកស្អាតជាដើមហើយនៅពេលដ៏ខ្លីខាងមុខនេះតាមរយៈកំចីពីធានាគារADB ជប៉ុននិងកសាងស្ថានីយទឹកស្អាតដ៏ធំមួយនៅខាងជើងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តទៀតថាទន្ទឹមនឹងការរីកចំរើននេះភ្នំពេញក៏បានលេចចេញជាបញ្ហាប្រឈមជាច្រើនផងដែរដូចជាបញ្ហាកកស្ទះចរាចរណ៍ដែល បញ្ហានេះជប៉ុនក៏បានជួយយ៉ាងច្រើនផងដែរមានទាំងការជួយលើការសិក្សាលើបញ្ហាលំហូរចរាចរណ៍ការផ្តល់នូវរថយន្តក្រុងនិងការផ្តល់ជាបង្គោលភ្លើងស្តុបថ្មី ចំនួន១០០ដើម្បីតម្លើងក្នុងរាជធានីភ្នំពេញ។ បញ្ហាការកកស្ទះសំរាមនិងបញ្ហាស្ទះលូជាដើមប៉ុន្តែបញ្ហានេះយើងបានធ្វើការដោះស្រាយជាបណ្តើរៗហើយហើយជប៉ុនក៏បានជួយផងដែរដោយមកដល់ពេលនេះជប៉ុនតាមរយៈអង្កការចៃកាបាននឹងកំពុងអនុវត្តគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ចំពោះបញ្ហាសំរាមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែននៅក្នុងឆ្នាំ២០២០ខាងមុខនេះនឹងមានក្រុមហ៊ុនជាច្រើនចូលរួមដេញថ្លៃលើសេវាប្រមូលសំរាម នេះហើយយើងនឹងជ្រើសរើសក្រុមហ៊ុនយ៉ាង តិច៣ក្រុម ហ៊ុនដើម្បីប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមនេះ។លោកជឿងជាក់ថានៅពេលមានការប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមបែបនេះនោះនឹងធ្វើអោយការគ្រប់គ្រងនិងការប្រមូលសំរាមនឹងកាន់តែល្អប្រសើរជាងមុន។

លោក មិកាមិម៉ាស្សាហិរូ បានមានប្រសាសន៍លើកឡើងដែរថា៖ គោលបំណង នៃជំនួបពិភាក្សាជួបសម្តែងការគួរសមនាពេលនេះគឺដើម្បីែស្វងយល់អំពីការគ្រប់គ្រងសំណល់នៅក្នុងរាជធានីភ្នំពេញការទាញយកថាមពលពីសំណល់(Waste Energy) និងពិភាក្សាលើបញ្ហាលំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងការកោតសរសើរ យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធអាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបញ្ជាក់ថា៖ ការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញជារឿងមួយដែលលោកបានចាប់អារម្មណ៍ខ្លាំងដោយនៅពេលខាងមុខនេះជប៉ុននិងជួយលើបញ្ហានេះតាមរយៈជួយផ្សព្វផ្សាយនិងអប់រំប្រជាពលរដ្ឋអោយបានយល់ពីការទុកដាក់និងផលប៉ះពាល់ពីបញ្ហាសំរាម នេះ។ជាងនេះទៅទៀតលោកក៏នឹងជំរុញឱ្យមានអ្នកវិនិយោគជប៉ុនមកធ្វើការវិនិយោគលើបញ្ហាការគ្រប់គ្រងនិងប្រមូលសំរាមក្នុងរាជធានីភ្នំពេញនេះផងដែរ៕  សំរិត


ចែករំលែក៖