យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្ដែង បានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ ២០១៩ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ ( El Nino ) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា ៖ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះ ក្នុងរយៈកាលកន្លងមក ។ បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ ២០១៩ បាតុភូត អែល នីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹក នាពេលកន្លងមកបានរក្សាទឹកទុកស្ទើរតែ ១០០ ភាគរយ ក្នុងក្របខណ្ឌ័ទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា, ស្រូវរដូវប្រាំង ២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី ។
យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើ រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម ៖
១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩-២០២០ គឺអាចធ្វើបានតែ ១ ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី ២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវ ។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការ ថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ ៕