គោលដៅរបស់អាមេរិក គឺគ្មានអ្វីក្រៅពីទប់ស្កាត់ឥទ្ធិពលរបស់ចិន កាន់តែខ្លាំងឡើងនៅលើពិភពលោក អាចគំរាមកំហែងដល់មហាអំណាចទីមួយរបស់ខ្លួន ។ ដោយបច្ចុប្បន្ន និងអនាគត ក្រៅពីចិន គឺគ្មានប្រទេសណាមួយ អាចប្រជែងអំណាចជាមួយអាមេរិកឡើយ ។ ដូច្នេះអាមេរិក កំពុងតែប្រើប្រាស់នយោបាយសិទ្ធិមនុស្ស ដាក់គំនាបទៅលើប្រទេសចិន ។
ជាក់ស្តែងបញ្ហាកោះហុងកុង អាមេរិកបានអនុម័តច្បាប់ ថ្កោទោសចិនរំលោភបំពានសន្ធិមនុស្ស ។ ចំណែករដ្ឋាភិបាលចិនវិញក៏បានថ្កោលទោសអាមេរិក បំពានច្បាប់ចិត្តតែមួយ លូកដៃចូលកិច្ចការផ្ទៃ ក្នុងបង្កឲ្យ អសន្តិសុខកាន់តែខ្លាំងឡើង ។ បាតុកម្មគ្មានទីបញ្ចប់នៅហុងកុង ក៏ជាស្នាដៃរបស់អាមេរិកផងដែរ ។
ក្រៅពីបញ្ឆេះភ្លើងប្រឆាំងនៅហុងកុង អាមេរិក ក៏បានលូកដៃគាំទ្រកោះតែវ៉ាន ទីបេ ឲ្យប្រឆាំងជាមួយចិន ។ ជាមួយគ្នានោះអាមេរិកបានញ៉ុះញ៉ងឲ្យប្រទេសនៅតំបន់សមុទ្រចិនភាគខាងត្បូង ក្រោកឡើងប្រឆាំងចិនផងដែរ ។
ពេលថ្មីៗនេះ ប្រទេសចិនបានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់សកម្មភាពបង្ហាញសាច់ដុំនៅក្នុងសមុទ្រចិនខាងត្បូង ។ ការអំពាវនាវនេះបានធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោកវ៉ី ហ្វឹងហឺនៅក្នុងកិច្ចប្រជុំបិទទ្វារថ្នាក់រដ្ឋមន្រ្តីការពារជាតិនៃក្រុមប្រទេសអាស៊ានរៀបចំក្នុងទីក្រុងបាងកក ប្រទេសថៃ ។ ទន្ទឹមនឹងស្នើអាមេរិកឲ្យឈប់លូកដៃបង្ករឿងនៅក្នុងសមុទ្រចិនខាងត្បូង ចិនក៏បានអំពាវនាវឲ្យអាមេរិកឈប់បន្ថែមភាពមិនប្រាកដប្រជាថ្មីស្តីពីបញ្ហាតៃវ៉ាន់ដែរ ។
កំណត់សម្គាល់របស់រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោកវ៉ី ហ្វឹងហឺជាការឆ្លើយតបនឹងសមភាគីអាមេរិកលោកម៉ាក អេស្ភ័រដែលកាលពីថ្ងៃអាទិត្យ ទី១៧ វិច្ឆិកាបានចោទចិនជាសាធារណៈពីបទប្រើយុទ្ធសាស្រ្តបង្ខិតបង្ខំ និងបំភិតបំភ័យដើម្បីពន្លឿនកម្មវត្ថុរបស់ខ្លួននៅក្នុងតំបន់ ។ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោកវូ ជាំងបានឲ្យដឹងថា លោកវ៉ី ហ្វឹងហឺបានជំរុញលោកម៉ាក អេស្ភ័រឲ្យឈប់ដំឡើងសាច់ដុំ និងបញ្ឈប់ការបង្ករឿង រួមទាំងចិញ្ចឹមភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ។ ទាក់ទងនឹងសំណួរដែលចង់ដឹងថា តើប្រមុខការពារជាតិចិនរងចាំអ្វីពីសមភាគីអាមេរិក លោកវូ ជាំងបានឆ្លើយថា អាមេរិកត្រូវបញ្ឈប់ការលូកដៃនៅក្នុងសមុទ្រចិនខាងត្បូង និងឈប់ធ្វើសកម្មភាពយោធានៅក្នុងដែនទឹកនោះ ។
គួររម្លឹកថាក្នុងរយៈពេលចុងក្រោយនេះ អាមេរិកឧស្សាហ៍បញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ដោយបានលើកឡើងពីការគោរពច្បាប់អន្តរជាតិ និងការការពារសេរីភាពធ្វើចរាចរផ្លូវសមុទ្រ ។ តែប៉េកាំងបានមើលឃើញទង្វើរបៀបនេះថាជាការបង្ករឿង ។ អ្វីជាការកត់សម្គាល់ ប្រតិកម្មរបស់ចិនពេលនេះបានធ្វើឡើង ខណៈដែលនាវាដឹកយន្តហោះចម្បាំងទី២ របស់ចិនបានផ្តើមបេសកកម្មសាកល្បងនៅក្នុងសមុទ្រចិនខាងត្បូងដោយធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ។ ទង្វើរបៀបនេះត្រូវបានទីក្រុងតៃប៉ិកបរិហារដោយចាត់ទុកជាសមយុទ្ធបំភិតបំភ័យ ។ តែទីក្រុងប៉េកាំងបានឆ្លើយបកវិញថា បេសកកម្មសាកល្បងនេះជាការធ្វើតេស្តស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសុទ្ធសាធ ពោលគ្មានសំដៅលើផ្ទាំងស៊ីបណាមួយ ហើយក៏គ្មានជាប់ទាក់ទងនឹងស្ថានភាពបច្ចុប្បន្នដែរ ។
ចំណែករដ្ឋបាលក្រុងវ៉ាស៊ីនតោន បានសម្តែងក្តីបារម្ភ ចំពោះសកម្មភាពឈ្លានពានរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ដោយសារតែសកម្មភាពជីកខួងរុករកឧស្ម័ន និងការដឹកប្រេងពីសំណាក់នាវាចិន ។ ក្តីបារម្ភរបស់អាមេរិក គឺបន្ទាប់ពីវៀតណាមប្រកាសចង្អុរមុខចិនថាបានឈ្លានពានចូលដែនអធិបតេយ្យភាពរបស់ខ្លួន ។
ការទន្ទ្រានកាន់កាប់ដែនសមុទ្ទចិនខាងត្បូង ដែលធ្វើឡើងជារឿយៗពីសំណាក់ចិន គឺប្រឆាំងនឹងការអភិវឌ្ឍសកម្មភាពទាញយកប្រេងនិងឧស្ម័នរបស់ប្រទេសជិតខាងផង ហើយវាក៏ប៉ះពាល់ដល់សន្តិសុខផ្នែកថាមពលនៅក្នុងតំបន់ទាំងមូលផងដែរ ។ នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Morgan Ortagus ។
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានសង្កត់ធ្ងន់ថា ចិនបានរំខានគ្រប់មធ្យោបាយដល់ប្រទេសជិតខាង ដើម្បីអាចខ្លួនឯងទាញយកផលចំណេញផ្នែកថាមពល ដែលវាមានតម្លៃ ដល់ទៅជាង២ពាន់៥រយពាន់លានដុល្លារ ។
ប្រមុខការទូតអាមេរិក ថែមទាំងចោទប្រកាន់ចិនថាប្រើប្រាស់កងនាវាជីវពល ដើម្បីបំភិតបំភ័យ និងដាក់សម្ពាធដល់ប្រទេសផ្សេងៗទៀតនៅក្នុងជម្លោះដែនទឹក ក្នុងសមុទ្ទចិនខាងត្បួង ដែលសកម្មភាពដូច្នេះ គឺអាមេរិកស្នើសុំឱ្យចិនឈប់ជាបន្ទាន់ ។
សម្តីធ្ងន់ៗរបស់អាមេរិកបែបនេះ គឺផ្ទុះប្រតិកម្មឡើង បន្ទាប់ពីវៀតណាមជាសម្ព័ន្ធមិត្ត បានស្រែកប្រកូកប្រកាសកាលពីថ្ងៃសុក្រ ថានាវាចិនបានរុករុលឈ្លានពានចូលដែនអធិបតេយ្យភាពរបស់ខ្លួន នៅក្នុងប្រជុំកោះស្ព្រាត់លី (Spratly) ។
ចំណែកភាគីចិនវិញ គឺច្រានចោលរាលការចោទប្រកាន់ ហើយនៅតែអះអាងថា ចិនបានធ្វើត្រឹមត្រូវតាមច្បាប់របស់ខ្លួន ។ ចិនក៏ប្រាប់ឱ្យវៀតណាមស្ងាត់មាត់ និងកុំកកូរកកាយនាំឱ្យស្ថានការណ៍ធ្ងន់ធ្ងរជាងនេះ៕