ព័ត៌មានទាន់ហេតុការណ៍៖

ប្តីចិត្តសាហាវឃោរឃៅ វាយប្រពន្ធស្លាប់នៅកណ្ដាលវាលស្រែ យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាប្តីដែលមានចិត្តសាហាវឃោរឃៅម្នាក់ ក្រោយពីវាយដំប្រពន្ធនៅផ្ទះមិនអស់ចិត្ត ខណៈឃើញប្រពន្ធទៅរកក្ដាមនៅវាលស្រែ បានទៅតាមរួចវាយដំស្រ្តីជាប្រពន្ធរហូតបាក់ដៃម្ខាង រួចយកកាំបិតកាប់ក្បាលបន្ថែមទៀត បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុច វាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ឃុត សុផល ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ (រត់គេចខ្លួនបាត់ស្រមោល) រីឯស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត ស្រីពៅ ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ ។ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុក ពញាឮ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា នៅមុនកើតហេតុ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី ជនសង្ស័យជាប្តីបានប្រើអំពើហិង្សាវាយដំទៅលើស្ត្រីជាប្រពន្ធម្ដងរួចមកហើយ ខណៈនោះមានឈ្មោះ ឌុច ពេជ្រ ភេទប្រុស អាយុ៥៦ឆ្នាំ ជាអ្នកជិតខាងរស់នៅភូមិជាមួយ បានចូលទៅជួយឃាត់ ហើយជនសង្ស័យបាននិយាយថា៖កុំចេះដឹងរឿងខ្ញុំ រួចហើយឈ្មោះ ឌុច ពេជ្រ បានដើរចេញ ដោយបានឃើញជនសង្ស័យ កាន់ដំបងប៉ុនកដៃកូនក្មេង ប្រហែលប្រវែង១ម៉ែ្រតជាងចំនួន១កំណាត់ និង ដៃម្ខាងទៀត កាន់កាំបិតផ្គាក់ ចំណែកឯស្ត្រីរងគ្រោះ កាន់ធុងជ័រពណ៌ក្រហម រួចនាំគ្នាដើរទៅរកក្តាមនៅចំណុច វាលស្រែខាងកើតភូមិបាត់ទៅ។ លុះដល់វេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យ បានដើរមកប្រាប់ឈ្មោះ សន សុខឃីម ភេទស្រី ត្រូវជាប្អូនបង្កើតជនរងគ្រោះថា៖ ទៅយកបងហ្អែងទៅពេទ្យផង ព្រោះអញវាយបាក់ដៃនៅវាលស្រែខាងកើតភូមិ ភ្លាមនោះឈ្មោះ សន សុខឃីម បានឆ្លើយតបវិញថា៖ ទៅមិនកើតទេ ព្រោះយប់ហើយ បន្ទាប់មក ជនសង្ស័យក៍ដើរចេញទៅបាត់ទៅ ។ លុះព្រឹកឡើង ស្រាប់តែមានប្រជាពលរដ្ឋដើរទៅស្រែបានឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងស្រែ ហើយបានផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង ។

បន្ទាប់ពីសម្ថកិច្ចជំនាញស្រុក បានទទួលព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះមកពិនិត្យលើខ្លួនសាកសពនៅកន្លែងកើតហេតុ រួចសន្និដ្ឋានថា៖ ជនសង្ស័យខាងលើបានវាយជនរងគ្រោះឲ្យបាក់ដៃ រួចហើយជនសង្ស័យបានយកដៃសង្កត់កជនរងគ្រោះ និងកាប់លើក្បាលផ្នែកខាងក្រោយជំរៅដល់លលាដ៍ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ ។

បន្ទាប់ពីធ្វើការពិនិត្យរួច កម្លាំងផ្នែកជំនាញបានកសាងសំណុំរឿង ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

គួរបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគានៅខេត្តកណ្តាលពីបទ៖ ហិង្សាប្រព្រឹត្តដោយសហពន្ធ័ ៕ ស្អាងជ័យ


ចែករំលែក៖