ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះរត់ តែរត់មិនរួចពីខ្នោះរបស់នគរបាល ។

ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពី វេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិទ្រា៤ សង្កាត់សង្ទឹមានជ័យទី៣ ខណ្ឌមានជ័យ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលប៉ុស្ដិ៍មានជ័យទី៣ បានបញ្ជាក់ថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ កោ សំនៀង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួករត់គេចខ្លួនមានឈ្មោះ អាណា អាយុ១៨ឆ្នាំមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ូ សុខញ៉ន ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខHD១៦ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លោកនាយប៉ុស្ដិ៍បានបញ្ជាក់ទៀតថា មុនពេលកើតហតុជនរងគ្រោះបានជិះម៉ូតូមួយម៉ាក អាយខន ពណ៌ផ្កាឈូក ត្រលប់មកពីម្ដុំក្រុមហ៊ុនហុងដា ផ្លូវវេងស្រង រួចក៏បត់ចូលផ្លូវ៣០ម៉ែត្រ ស្រាប់តែពេលនោះ ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម មកទន្ទឹងនឹងជនរងគ្រោះហើយបានលូកដៃឆក់ទូរសព្ទពីឃ្លប់ខាងមុខបានសម្រេច ហើយក៏ជិះគេចខ្លួន ប៉ុន្ដែក៏ត្រូវជនរងគ្រោះជិះដេញតាមស្រែកឆោឡោស្របពេលនោះកម្លាំងនគរបាលប៉ុស្ដិ៍កំពុងល្បាតក្បែរនោះជួយដេញរហូតជនសង្ស័យដួលម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់យកមកសួរនាំតែម្ដង។ ចំណែកម្នាក់ទៀតលើកម៉ូតូជិះរត់គេចខ្លួនបាត់សម្រោល ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ យកមកសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖