ខេត្តកណ្តាល៖ លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា សំណុំរឿង
ប៉ូលិសខេត្តកណ្តាល វាយប្រពន្ធរហូតរលូតកូន៤ខែ
ត្រូវបានខាងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនមកដល់តុលាការ ហើយបច្ចុប្បន្នសំណុំរឿង នៅលោក ហោ លីណា ព្រះរាជអាជ្ញារង ទទួលបន្ទុកកាន់រឿងនេះ ដោយពុំទាន់សម្រេចយ៉ាងណា នៅឡើយទេ ។
គួររំលឹកថា កន្លងមកលោកប៉ូលិសស័ក្តិ៣ ជិន ជឿន ធ្លាប់ចេញវីដេអូឃ្លីបបដិសេធ ថា មិនបានវាយនារីរងគ្រោះរហូតរលូតកូននោះទេ ពោលគឺ នារីរងគ្រោះដួលដោយខ្លួនឯង ។
សូមបញ្ជាក់ថា រឿងរ៉ាវរបស់លោក ជិន ជឿន ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក កំពុងល្បីខ្ទរខ្ទារ ព្រោះតែការប្រេីអំពេីហិង្សាលេីប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ ដែលនាំឱ្យមហាជនខឹងសម្បារជំនួសយ៉ាងខ្លាំង ។
រឿងរ៉ាវបានទម្លាយបន្ថែមទៀតគឺ លោក ជិន ជឿន ធ្លាប់ប្រេីហិង្សាលេីប្រពន្ធជាច្រេីនលេីកច្រេីនសាររហូតមានបណ្តឹងចូលស្នងការនគរបាលខេត្តកណ្តាល ថែមទៀតផង ។
ពាក្យបណ្តឹងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នារីរងគ្រោះឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៧ឆ្នាំ ធ្លាប់បានប្តឹងលោក ជិន ជឿន ពីបទប្រេីអំពេីហិង្សាផងដែរ ។
ដោយឡែក ថ្មីៗនេះ នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងថ្មីមួយទៀត ទៅលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្តាល សុំអោយជួយរកយុត្តិធម៌ករណីប្តីមិនទាន់រៀបការជាប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលពីបទ”មនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោស” ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាង ស្រីល័ក្ខអាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។
នារីរងគ្រោះ រៀបរាប់ថាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលេីនារីរងគ្រោះបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ ៕ ឆ ដា