ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រុស ស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខវត្តអង្គត្រគៀត តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម សង់ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ 1O 7653 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកzoomerx ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខកណ្តាល 1U 1159 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រុសស្រី២នាក់ទៀត ធ្វើដំណើរ បញ្ច្រាស់ទិសគ្នាហើយបានបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យនារីម្នាក់របួសបាក់ជើងម្ខាង និងបុរសពីរនាក់ទៀតរបួសធ្ងន់ ដោយឡែកអ្នកជិះម៉ូតូសង់របួសស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាម ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ