ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់ នគរបាលខណ្ឌបឹងកេងកងមកដល់ក៏ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នៅម៉ោងជាង១រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Nexបានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់ត្រូវបាន នគរបាលខណ្ឌបឹងកេងកងមកដល់ ក៏ឃាត់ខ្លួន នៅតាមផ្លូវ193 កែង មហាវិថីម៉ៅសេទុង ស្ថិតក្នុង សង្កាត់ទួលស្វាយព្រែទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថាមុនកើតហេតុ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Nex ស្លាកលេខភ្នំពេញ 1HZ-6481 បានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់ នៅតាមផ្លូវ193 កែង មហាវិថីម៉ៅសេទុង បន្ទាប់ពីឆក់ការបូបពីជនរងគ្រោះបានហើយភ្លាមៗជនរងគ្រោះបានជិះដេញទាន់ ក៏ប្រតាយប្រតប់គ្នា ស្របពេល កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងមកដល់ ក៏ឃាត់ខ្លួនជនសង្ស័យមក សាកសួរភ្លាមៗនៅអធិការដ្ឋាននគរបាលខណ្ឌផងដែរ។

បន្ទាប់ពីឃាត់ និងសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆក់កាបូបពីជនរងគ្រោះខាងលើមែន ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ៕ សរស្មី


ចែករំលែក៖