ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណិត នៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យស៊ើប អង្កេតនិងអនុវត្តនីតិវិធី សហការជាមួយនគរបាល រដ្ឋបាល សង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួល នីតិវិធីដោយ លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបល្បែង ស៊ីសង ខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិតGame Onlineដោយចាប់ខ្លួនជនជាតិចិនចំនួន២នាក់កាលពីរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរង ខេត្តសៀមរាប ទទួលផែនអន្តោប្រវេសន៍បានឲ្យដឹងថា ក្រុមសមត្ថកិច្ចបានរឹបអូស វត្ថុតាងកំព្យូទ័រយួដៃចំនួន៣គ្រឿងទូរសព្ទដៃ៥គ្រឿង និងសម្ភារៈវត្ថុតាង មួយចំនួនទៀតត្រូវបានបញ្ជូទៅសាកសួរ នៅការិយាល័យ ។ ជនសង្ស័យ ទី១-ឈ្មោះ MA LIANG ភេទ ប្រុស កើតថ្ងៃទី ៣០-០៤-១៩៨៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៤៧៤៨៦៦១២ ។ ទី២-ឈ្មោះ ZENG WEIDONG ភេទ ប្រុស កើតថ្ងៃទី ២៥-០១-១៩៨៨ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខE៥៥០៧៥៣៧៩ ។

លោកឧត្តមសេនីយ៍ ត្រី ជា គឹមសាន បានថ្លែងបន្តថា តាមការសាកសួរ ជនសង្ស័យ ទាំងពីរនាក់ បានឆ្លើយថា ពួកគេគឺភ្នាក់ងារ បើកគណនី ឲ្យភ្ញៀវជនជាតិចិនដែលមានបំណងលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណិតនៅប្រទេសចិននិងទទួលបានប្រាក់ខែចំនួន៥០០០យ័នក្នុងមួយខែ ។ ក្រោយការសាកសួរ ជនសង្ស័យ ទាំងពីរនាក់ ខាងលើ ត្រូវបានលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាប សម្រេចឲ្យ ឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖