ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជិត២០០គ្រួសារ នៅក្រុងតាខ្មៅ ផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា ចោទប្រកាន់មន្ត្រីឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិរំលោភលើដីសាធារណៈ រួចលក់អោយអ្នកដទៃតម្លៃរាប់ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្តាល៖ ថ្មីៗនេះ មានប្រជាពលរដ្ឋជិត២០០គ្រួសារ រស់នៅខាងជើងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា និង បានដាក់ “ពាក្យបណ្តឹងសុំបើកផ្លូវ” ជាបន្តបន្ទាប់ទៅកាន់លោកអភិបាលក្រុងតាខ្មៅ និង លោកអភិបាលខេត្តកណ្តាល ជុំវិញសកម្មភាពប្តីប្រពន្ធ២នាក់ លួចធ្វើប្លង់កម្មសិទ្ធិលើផ្លូវសាធារណៈ រួចលក់អោយអ្នកដទៃក្នុងតម្លៃរាប់ម៉ឺនដុល្លារ ។

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកសារជាច្រើនបានផ្សព្វផ្សាយជាសាធារណៈ ដោយបង្ហាញថា រឿងរ៉ាវដ៏ចម្រូសចម្រាសនេះ កើតឡើងដោយសារតែឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន បានលក់ដីមួយកន្លែងមានទទឹង២១ម៉ែត្រនិងបណ្តោយ២៥ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ១១៣ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅអោយឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា ក្នុងតម្លៃ៤២ម៉ឺនដុល្លារ ។

ភាគីអ្នកទិញ គឺ បានកក់ប្រាក់ចំនួន២០ម៉ឺនដុល្លារ រួចក៏បានធ្វើសកម្មភាពចង់សង់របងលើដីដែលខ្លួនបានទិញ ស្រាប់តែមានសកម្មភាពប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះការតវ៉ា ថា ដីនេះ គឺ ជាដីសាធារណៈ ទៅវិញ ។

“ពាក្យបណ្តឹងសុំបើកផ្លូវ” របស់ប្រជាពលរដ្ឋឈ្មោះ សរ អេង និង ឈ្មោះ ស៊ីវ វិសេស អមដោយស្នាមមេដៃប្រជាពលរដ្ឋជិត២០០គ្រួសារ ដាក់ជូនលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក្នុងកម្មវត្ថុ ៖ សំណើសុំបើកផ្លូវលំសាធារណៈមួយខ្សែ គ្មានលេខ ដែលតភ្ជាប់ពីផ្លូវលេខ១១៣ទៅផ្លូវលេខ១១៤ ចំណុចខាងជើងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រជាពលរដ្ឋ អះអាងថា ផ្លូវលំសាធារណៈមួយខ្សែ គ្មានលេខ ដែលតភ្ជាប់ពីផ្លូវលេខ១១៣ទៅផ្លូវលេខ១១៤ ចំណុចខាងជើងផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នេះ ត្រូវបានប្រជាពលរដ្ឋទូទៅ ជាពិសេសគ្រួសារដែលមានទីលំនៅតាមបណ្តោយផ្លូវលំនេះ បានប្រើប្រាស់ផ្លូវលំមួយខ្សែនេះជាសាធារណៈ ចាប់តាំងពីសង្គមចាស់រហូតមកទល់អំឡុងឆ្នាំ២០០៥ ដោយពុំមានការរំខានពីជនណាឡើយ ។

បន្ទាប់មក ចាប់ពីអំឡុងឆ្នាំ២០០៥ ស្រាប់តែគ្រួសារឈ្មោះ ជាវ ស៊ុនហាក់ និង ប្រពន្ធឈ្មោះ គឹម ហៀក បានរំលោភកាន់កាប់ផ្លូវលំនេះ មួយកំណាត់ផ្នែកខាងជើង ចាប់ត្រឹមពីផ្លូវលេខ១១៣ រហូតដល់ច្រកទ្វារចូលផ្ទះរបស់ឈ្មោះ សរ អេង ដែលមានប្រវែងប្រហែល៤០ម៉ែត្រ ដោយឈ្មោះ ជាវ ស៊ុនហាក់ និង ប្រពន្ធឈ្មោះ គឹម ហៀក បានប្រើរូបភាពធ្វើរោងតយ៉ាកចេញពីផ្ទះរបស់ខ្លួន រំកិលបន្តិចម្តងៗមកលើផ្លូវសាធារណៈ និង ធ្វើអាជីវកម្ម សិប្បកម្មចង្ក្រានសម្រាប់លក់ ដោយបានដាក់សម្ភារៈសម្រាប់ធ្វើចង្ក្រាន , ចាក់អាចម៍ដីសម្រាប់ធ្វើចង្ក្រាននៅលើផ្លូវសាធារណៈ បង្កការរំខាន និង ជាឧបសគ្គសម្រាប់អ្នកធ្វើដំណើរ ។

ក្រោយមក ឈ្មោះ ជាវ ស៊ុនហាក់ និង ប្រពន្ធឈ្មោះ គឹម ហៀក បានផ្ទេរសិទ្ធិកាន់កាប់ ដោយមានឯកសារប្លង់រឹងប្រគល់អោយឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន ។

ឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន បានលក់ដីនេះបន្តអោយឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា ក្នុងតម្លៃ៤២ម៉ឺនដុល្លារ ។

អ្វីដែលជាចំណុចសំខាន់ ក្នុងរឿងនេះ គឺ ពេលដែលឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា ចាប់ផ្តើមធ្វើសកម្មភាពលើដីដែលខ្លួនបានទិញដោយត្រឹមត្រូវ ស្រាប់តែមានសកម្មភាពតវ៉ាពីប្រជាពលរដ្ឋ តែម្តង ។

ពេលនេះ ភាគីអ្នកទិញ គឺ ឈ្មោះ ជ័យ ឃុនអ៊ាង និង ប្រពន្ធឈ្មោះ សំណាង លក្ខិណា គឺ ជាអ្នកខាតបង់ និង ខាតពេលវេលាទាំងស្រុង ព្រោះតែការទិញដោយត្រឹមត្រូវបង្ហាញឯកសារប្លង់រឹងពីភាគីអ្នកលក់ គឺ ឈ្មោះ ចូវ គឹមសាយ និង ប្រពន្ធឈ្មោះ ជាវ គឹមហួន ហើយ បែរជាប្រជាពលរដ្ឋ ចេញមុខតវ៉ា ថា ជាដីសាធារណៈទៅវិញ ។

ប្រជាពលរដ្ឋ សង្ស័យថា ការរត់ឯកសារប្លង់រឹងនេះ អាចមានភាពមិនប្រក្រតី បង្កប់នូវអំពើពុករលួយជាប្រព័ន្ធ ដែលសំណូមពរអោយលោកអភិបាលខេត្តកណ្តាល និង ស្ថាប័នពាក់ព័ន្ធ មេត្តាបើកការស្រាវជ្រាវផង ៕ចេស្តា


ចែករំលែក៖