ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបើកគេចពីរុឺម៉កម៉ូតូដឹកដែក ជ្រុលធ្លាក់ផ្លូវ ផុងកង់ក្រឡាប់ផ្ងារជើង បោកទៅលើរបងថ្មបាក់នឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមសម្តីអ្នកបើកបររថយន្តខាងលើបានឲ្យដឹងថា មុនកើតហេតុ គាត់បើករថយន្តម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 5A-0496 ដឹកបេតុងចំនួន ៦,៥ ម៉ែត្រគូប ចេញពីក្រុមហ៊ុន ក្នុងគោលបំណង់យកទៅចាក់នៅការដ្ឋានរោងចក្រ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ហើយ ខណៈដែលបើកធ្វើដំណើរកាត់តាមផ្លូវបេតុងខាងលើ ពីកើតទៅលិច មកដល់ចំណុចខាងលើ បង្អន់ល្បឿនដោយមានម៉ូតូរុឺម៉កដឹកដែក មកបញ្ច្រាសទិស បើកសរសៀ ក៏ផុងកង់ធ្លាក់ចូលប្រឡាយ ផុងក្រឡាប់បះជើងបោកទៅលើ របងថ្មនិងបង្គោលភ្លើងតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់ ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ ស្ទូចលើកយករថយន្តទៅរក្សាទុក ដើម្បីរងចាំដោះស្រាលផលប៉ះពាល់ ទ្រព្យសម្បត្តិ របង់ក្រុមហ៊ុន និងបង្គោលភ្លើងរបស់រដ្ឋ ជាក្រោយ ៕ សុខាសែនជ័យ