ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ផ្តួចផ្តើមឲ្យមានកម្មវិធីភ្នំពេញទីក្រុងស្អាតជាមួយជនជាតិជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងបរិស្ថាន និងគណៈកម្មាធិការប្រតិបត្តិនៃគំរោងPhnom Penh Clean city challenge with Japan ក៏ដូចស្ថានទូតជប៉ុនប្រចាំកម្ពុជាបានរៀបចំឲ្យមានការជូបជុំក្នុងកម្មវិធីភ្នំពេញទីក្រុងស្អាតដែល បង្កើតឡើងដោយជនជាតិជប៉ុន។

ការជួប ជុំក្នុងកម្មវិធីនេះបានធ្វើឡើងកាលពីព្រឹកអាទិត្យ ១៣រោចខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសួនច្បារមុខវត្តបុទុមវត្តី ខណ្ឌដូនពេញ ដែលមានអ្នកចូលរួមទាំងជនជាតិជប៉ុន និងខ្មែរប្រមាណ១.៥០០នាក់ ។

លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ សកម្មភាពរបស់យើងនាពេលនេះមានគោលបំណងបំផុសឲ្យអ្នកចូលរួម និងប្រជាពលរដ្ឋនៅក្នុងតំបន់បានយល់ដឹងពីកិច្ចការ ពារបរិស្ថានការសហការគ្នារវាងសាធារណៈ និងឯកជនរួមគ្នាជាធ្លុងមួយដើម្បីរួមចំណែកក្នុងសកម្មភាពសហគមន៏នៅក្នុងតំបន់។ជាសកម្មភាពពិសេសបែបផែនជប៉ុនក្នុងរិតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំង២កម្ពុជាជប៉ុនតាមរយៈសកម្មភាពរបស់ថ្នាក់មូលដ្ឋាន ។

ផ្តើមចេញពីសកម្មភាពទាំងនេះសង្ឃឹមថា នឹងមានការខិតខំប្រឹងប្រែងជាបន្តហើយសកម្មភាពការពារបរិស្ថាននេះនឹងត្រូវបានបានបង្កើតឡើងជាបន្តបន្ទាប់ក៏ដូចចូលរួមអបអរសាទរខួបលើកទី៦៦នៃទំនាក់ទំនងការទូតរវាងកម្ពុជា.ជប៉ុនឲ្យកាន់តែរឹងមាំ។

ដោយឡែក លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគួសបញ្ជាក់ដែរថាក្រសួងបរិស្ថានគាំទ្រ ចំពោះគំរោងភ្នំពេញទីក្រុងស្អាតនេះ ដែលបង្កើតជាឧិកាសជួបជុំមួយក្នុងចំណោមអ្នកស្រឡាញ់បរិស្ថានដើម្បីចូលរួមរើសសំរាមសម្អាតទីក្រុង។

លោកបន្តថា៖ នេះជាសកម្មភាពដ៏មានតំលៃក្នុងការលើកកម្ពស់ការយល់ដឹងពីបរិស្ថានបណ្តុះស្មារតីស្រឡាញ់បរិស្ថានក្នុងចំណោមប្រជាពលរដ្ឋ និងចូលរួមសម្អាតអនាម័យបរិស្ថានក្នុងទីក្រុងរបស់យើងដើម្បីជំរុញចលនាចូលរួមសម្អាតទីក្រុងធ្វើយ៉ាងណា ឲ្យទីក្រុងរបស់យើងកាន់តែមានសោ ភណ្ឌភាពបរិស្ថានល្អ និងប្រកបដោយផាសុខភាពសំរាប់ការរស់នៅ និងទាក់ទាញភ្ញៀវទេសចរណ៏ ៕ សំរិត


ចែករំលែក៖