ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម្ចាស់ទុកម៉ូតូចោល ចូលទៅកាច់សោ.កម៉ូតូបានសម្រេចតែគេចមិនរួច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ: កម្លាំងជំនាញនគរបាល ស្រុកតំបែរ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីម៉ោង ៧ និង ៤៥នាទី ព្រឹកថ្ងៃ អាទិត្យ ១៣រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងនៅ ត្រង់ចំណុចចម្ការកៅស៊ូ ស្ថិតនៅភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នគរបាល ស្រុកតំបែរ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឹម ពេជ្រ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះ ឈ្មោះ គង់ ទូច ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូខាងលើ ចាក់សោទុកត្រឹមត្រូវហើយបានដើរទៅមើលចម្ការកៅស៊ូ ។ មួយសន្ទុះស្រាប់តែជនសង្ស័យចូលទៅលួចកាច់សោក ម៉ូតូជិះចេញហើយម្ចាស់ឃើញស្រែកឆោឡោនាំគ្នាដេញចាព់បានប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងមានម៉ូតូ១គ្រឿងម៉ាកហុងដា វ៉េវឆ្លាម ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ ២០១៩ លេខតួ២១៨១២៣ លេខម៉ាស៊ីន១០៧ ៦៧៦៤ រួចប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីកសាសំណុំរឿងចាត់ការតាមនីតិវិធី៕​ ប្រាថ្នា


ចែករំលែក៖