ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល ធ្វើការបង្ក្រាបចាប់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣២កញ្ចប់ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ តាំង អៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្តថានៅពេលកើតហេតុសមត្ថកិច្ចនគរបាលបានទទួលព័ត៌មានថាឈ្មោះ តាំង អៀង កំពុងលក់ថ្នាំញៀននៅផ្ទះរបស់ខ្លួន ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានចុះទៅបង្រ្កាប ពេលទៅដល់សមត្ថកិច្ចនគរបាលក៏ឃាត់ឈ្មោះ តាំង អៀង ហេីយធ្វេីការសាកសួរ ភ្លាមនោះជនសង្ស័យឈ្មោះ តាំងអៀងបានសារភាពថា ខ្លួនលាក់ទុកនៅក្នុងធុងអង្ករ ពេលនោះសមត្ថកិច្ចបានអោយជនសង្ស័យទៅយកថ្នាំញៀននោះ មានចំនួន៣២កញ្ចប់តូច បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីបន្តអនុវត្តតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ចំពោះថ្នាំញៀនខ្លួនទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះ នៅម្តុំក្តាន់ពីរ រាជធានីភ្នំពេញ ដោយទិញម្តងៗតម្លៃ២០០ដុល្លារ ដេីម្បីយកមករំលែកលក់បន្ត ៕ ស្អាងជ័យ