ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ ឆក់ទូរស័ព្ទមិនបានសម្រេច ជិះរត់គេចខ្លួនជ្រុលទៅបុកគូទរថយន្តគេត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានចាប់ខ្លួនយុវជន២នាក់ បន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេចត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងល្បាត ធ្វើឲ្យជនសង្ស័យភ័យជិះទៅបុកគូទរថយន្តគេមួយគ្រឿង កាលពីវេលាម៉ោង ៨និង២៥នាទីយប់ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១០៩ នៅចំណុចមុខផ្ទះលេខ៤១៩អា ផ្លូវ៩៥ ក្រុម១១ ភូមិ០១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ សឿង វណ្ណដឹង (ហៅឧត្តម) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣៨ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ជាអ្នកបើកម៉ូតូ ។ និងទី២-ឈ្មោះ សូ សារិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣៨ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរកម្មករសំណង់ ជាអ្នកឆក់ (អ្នកទាំង២ ពុំធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ) ។

យោងតាមចម្លើយជនសង្ស័យបានសារភាពថា មុនពេលកើតហេតុ នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ពួកគេទាំងពីរនាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ ស៊េរី២០១២ ចេញពីបន្ទប់ជួលនៅម្តុំផ្សារកាណាឌីយ៉ា គោលបំណងធ្វើដំណើរទៅលេងនៅមជ្ឍមណ្ឌលកម្សាន្តកោះពេជ្រ ។ ដោយឈ្មោះ សឿង វណ្ណដឹង ជាអ្នកបើកម៉ូតូ លុះពេលជិះម៉ូតូមកដល់ម្តុំពេទ្យរបេង ក៏ឃើញបុរសរងគ្រោះម្នាក់ កំពុងតែជិះម៉ូតូម៉ាកស៊ុយហ្ស៊ីយគីស្មាសតែម្នាក់ឯង ដោយកាន់ទូរស័ព្ទនិយាយ ភ្លាមនោះជាឱកាសល្អជនសង្ស័យឈ្មោះ សឿង វណ្ណដឹង បានបើកម៉ូតូទៅអែបខាងឆ្វេងដៃជនរងគ្រោះ បន្ទាប់មកជនសង្ស័យឈ្មោះ សូ សារិត បានលូកដៃស្តាំបំរុងឆក់យកទូរស័ព្ទដៃនោះដែរ តែពុំបានសម្រេចក៏ត្រូវជនរងគ្រោះស្រែកថា ចោរៗព្រមទាំងជិះម៉ូតូដេញតាមពីក្រោយធ្វើ ឲ្យពួកគេភ័យជិះម៉ូតូទៅប៉ះជាមួយរថយន្តគេ បណ្តាលឲ្យដួលហើយត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាននឹងប្រគល់ជូនសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖