ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជង់ប្លន់យកម៉ូតូ ហុងដាស្កូពី ២០២០ ពីស្ត្រីម្នាក់បាត់ដោយសុវត្ថិភាពទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លី បានធ្វើសកម្មភ្ជង់ប្លន់ យកម៉ូតូពីស្រ្តីម្នាក់បានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍ដែលជនសង្ស័យធ្វើសកម្មភាពនេះ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំច្រកចូលរោងចក្រប្លូស្កាយ ស្ថិតក្នុងភូមិទួលពង្រ សង្កា់ត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡាយ ពៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកបានសម្រេចនោះម៉ាកហុងដាស្កូពី ពណ៍ក្រហម ស៊េរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1HE-5464 ។

តាមការរៀបរាប់ពីស្រ្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរចេញពីផ្ទះម្តុំបន្ទាយទាហាន (បន្ទាយរថក្រោះ) ស្រាប់តែមកដល់ចំណុះកើតហេតុ ហើយផ្លូវរៀងស្ងាត់ផង ក៏លេចមុខជនសង្ស័យ២នាក់ក្នុងឯសណ្ឋានស្រដៀងសមត្ថកិច្ចបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ប្រដាប់ដោយអាវុធខ្លីមួយដើម បានកៀរគាត់ ស្រែកឲ្យឈប់ ឲ្យប្រគល់ម៉ូតូឲ្យវា ហើយកុំស្រែកប្រយ័ត្នវាបាញ់សម្លាប់ចោល ដោយមានការភិតភ័យស្លន់ស្លោ ទើបព្រមប្រគល់ម៉ូតូឲ្យពួកជនសង្ស័យទាំងនោះតែម្តង ។

ក្រោយពីមានហេតុការណ៍នេះ ស្រ្តីជនរងគ្រោះបានត្រឹមទំនាក់ទំនងទៅក្រុមគ្រួសារមកដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕ សុខាសែនជ័យ

 


ចែករំលែក៖