ព័ត៌មានទាន់ហេតុការណ៍៖

សម្តែងល្ខោនខោលទ្រង់ទ្រាយធំអបអរខួប១ឆ្នាំការដាក់ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍សម្តែងល្ខោនខោលមានឈ្មោះថា “រាត្រីចងចាំ” នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំការសម្ដែងល្ខោនខោល ឈុតធំជាប្រវត្តិសាស្ត្រមិនធ្លាប់ ដើម្បីអបអរសាទរការដាក់បញ្ចូល ល្ខោនខោលរបស់កម្ពុជា ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។

កម្មវិធីនេះក៏ជាការរំលឹកនៃការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូនីស្កូដូចជា របាំព្រះរជាទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ចាប៉ីដងវែង.ល.។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យមហាជន បានឃើញកាន់តែច្បាស់ពីកិត្យានុភាពនៃវប្បធម៌ខ្មែរ។លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិ​ការណ៍​សិល្បៈ​នេះ គឺ​ជា​ការ​សម្តែង​ល្ខោន​ខោល និង​មាន​គោល​ដៅ​ចង់​ឲ្យ​សាធារណ​ជន​ជាតិ និងអន្តរ​ជាតិ បាន​ឃើញ​កាន់​តែ​ច្បាស់​អំពី​កិត្យា​នុភាព​នៃ​វប្បធម៌​ជាតិ​ខ្មែរ ខណៈ​ដែល​ល្ខោន​ខោល​ខ្មែរ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គ​ការ UNESCO អស់​រយៈ​ពេល​១ឆ្នាំ​កន្លង​ទៅ​។

បើតាមការបង្ហោះរបស់ក្រុមយុវជនល្ខោនខោលឱ្យដឹងថា ការសម្ដែងដ៏អស្ចារ្យដែលមាមសិល្បៈករ សិល្បៈការិនី រហូតដល់២៨០នាក់ នេះនឹងប្រព្រឹត្តិឡើងនៅបរិវេណព្រះលានជល់ដំរី លើទឹកដីអង្គរ ខេត្តសៀមរាប ថ្ងៃទី២៨ វិច្ឆិកា ចាប់ពីម៉ោង ៦ ល្ងាចតទៅ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមទស្សនាឱ្យបានច្រើនកុះក ដើម្បីញ៉ាំងឱ្យមហាព្រឹត្តិការណ៍សម្ដែងល្ខោនខោលនេះ កាន់តែអស្ចារ្យទ្វេឡើង និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែថ្កុំថ្កើង ៕ វឌ្ឍនា


ចែករំលែក៖