ភ្នំពេញ៖ តារាសម្តែងប្រុសល្បីឈ្មោះ លោក សុធា ពិសិដ្ឋ ត្រូវបានជនអនាមិកប្រើប្រាស់រូបថតលើបណ្តាញសង្គមហ្វេសប៊ុក ហើយទៅបោកប្រាស់ប្រាក់អ្នកដទៃ ។ តារារូបនេះបានចេញមុខបដិសេធអំពីគណនីយក្លែងក្លាយដែលប្រើប្រាស់រូបថតលោក ហើយដើរបោកប្រាស់ប្រាក់អ្នកដទៃ ។
ការបញ្ជាក់នេះធ្វើឡើងក្រោយពីតារារូបនេះទទួលបានដំណឹងពីមិត្តរួមអាជីពថាមានអ្នកប្រើប្រាស់គណនីយក្លែងក្លាយមួយចំនួនព្យាយាមប្រព្រឹត្តអំពីបោកប្រាស់ប្រាក់នានាពីបុគ្គលមួយចំនួន ក្នុងនោះក៏រួមមានទាំងអ្នកសិល្បៈផងដែរ ។ នេះបើតាមការបញ្ជាក់របស់តារាសម្តែងរូបនេះបានបញ្ជាក់ប្រាប់នគរវត្ត ។ លោកបញ្ជាក់ថា លោកពិតជាមិនដឹងខ្លួនថាមានរឿងនេះកើតឡើង លោះមិត្តភ័ក្កិផ្ញើតាមសារអេឡិចត្រូវនិចមកទើបមានការភ្ញាក់ផ្អើល ។ លោកនៅមិនទាន់ដឹងអំពីតួលេខនៃការចាញ់បោករបស់ជនរងគ្រោះពីសំណាក់ក្រុមខិលខូចនេះនៅឡើយ ប៉ុន្តែយោងតាមប្រភពពីអ្នកជិតដិតបានប្រាប់លោកថា ជននោះបានព្យាយាមផ្ញើសារមកខ្ចីលុយ និងសុំឲ្យមានការផ្ញើជាច្រើនលើកច្រើនសារ ប៉ុន្តែដោយការសង្ស័យទើបចាប់ផ្តើមបែកធ្លាយខណៈដែលលោកមិនដែលមានបញ្ហាពាក់ព័ន្ធនឹងលុយកាក់ណាមួយឡើយ ។ ទន្ទឹមគ្នានេះលោកបានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់រួចហើយដែរថា លោកមិនបានប្រើប្រាស់វិធីខ្ចីលុយ ឬទាមលុយណាមួយឡើយ ក្រៅតែពីការថតកុនដើម្បីបានកម្រៃចិញ្ចឹមជីវិត ។ លោកថារឿងនេះពិតជាបានជះឥទ្ធិពលមិនល្អសម្រាប់លោក ហើយលោកបញ្ជាក់ថាលោកមានគណនីយហ្វេសប៊ុកតែមួយគត់ឈ្មោះ” Sothea Piseth”មួយប៉ុណ្ណោះ ។
ទោះជាយ៉ាងណាលោកមិនមានគម្រោងដាក់ពាក្យបណ្តឹងណាមួយទៅកាន់ស្ថាប័នមានសមត្ថកិច្ចដើម្បីស្វែងរកមុខសញ្ញាជនខិលខូចនោះទេ គឺលោកមានតែស្នើឲ្យមហាជនមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវផ្ញើប្រាក់នាមួយទៅកាន់ជនម្ខាងទៀតដោយមិនបានផ្ទៀងផ្ទាត់ឬប្រភពច្បាស់លាស់ ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាករណីទីមួយទេ ដែលមានគណនីយហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងសង្គម ដែលបានប្រើប្រាស់រូបភាព និងឈ្មោះតារាប្រុសស្រីល្បីឈ្មោះនានាដើម្បីបោកប្រាស់មហាជន ឬអ្នកគាំទ្ររបស់ខ្លួន ។ សាររបស់តារាសម្តែងរូបនេះក៏ជាការក្រើនរំលឹកដាស់តឿនដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់៕ វឌ្ឍនា