ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ហាង២នាក់ ត្រូវនគរបាលឃាត់ខ្លួន គ្រាដែលរកឃើញដាក់តាំងលក់ស្រាក្លែងបន្លំយីហោ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបទីលក់ស្រា ក្លែងបន្លំម៉ាកសញ្ញាមួយកន្លែង យីហោ“តុលាលក់ស្រាគ្រប់ប្រភេទ” និងឃាត់ខ្លួនមនុស្សបានចំនួន២នាក់ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្បែរសាលាបាលិលេយ្យ២ឋិតនៅ ភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យដែលឃាត់ខ្លួន ១.ឈ្មោះ ថៃ ម៉ាឡា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាម្ចាស់ហាងយីហោ “តុលាលក់ស្រាគ្រប់ប្រភេទ” រស់នៅកន្លែងទីតាំងខាងលើ ២.ឈ្មោះសេន សាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មករលក់ស្រានៅទីតាំងខាងលើរួមទាំងវត្ថុតាងច្រើនជាច្រើនផងដែរ ។

លោកឧត្តមសេនីយត្រី ចាប សុផាន់ឬទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពេលឆែកឆេរនេះសមត្ថកិច្ចបានរកឃើញបទល្មើស ១.ក្លែងបន្លំម៉ាកសញ្ញា ទី២. បិទតែមពន្ធគយក្លែងក្លាយ ទី៣.សំបកកេសស្រាក្លែងក្លាយផងដែរ ហើយសមត្ថកិច្ច និងតាមដានពិនិត្យទៅលើគុណភាពស្រាបន្តទៀត ។

លោកបន្តថា ការអនុវត្តឆែកឆេរទីតាំងខាងលើនេះ ដោយទទួលបានពាក្យបណ្តឹងមកពីក្រុមហ៊ុននាំចូលផ្តាច់មុខ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបសមត្ថកិច្ចឈានដល់វិធានការអនុវត្តលើទីតាំងនេះតែម្តង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញាPenfold Bin2 Bin8 Bin707 Bin128 Bin407 Bin389, ស្រាចំនួន២២៤កេស ស្មើរ និង១,៤៨៨ដប ,ស្រាក្រហម៨៨ចំនួន១៣២កេសស្មើរ និង១៥៨៤ដប, ប្រអប់៩៣ដបស្មើរ និង៩៣០សន្លឹក, ស្ទីគ័រ៥២ដុំស្មើរ និង៥២០០សន្លឹក, សំបកកេស៤០០ដុំស្នើរ និង១០,០០០កេស (ក្លែងក្លាយ រំលោភកម្មសិទ្ធបញ្ញា) ។

ក្រោយពីបិទទីតាំងលក់ស្រាខាងលើ វត្ថុតាង និងជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ពាក់ព័ន្ធការចុះបង្ក្រាបទីតាំងលក់ស្រា ក្លែងបន្លំម៉ាកសញ្ញានេះ មហាជនស្នើរឲ្យសមត្ថកិច្ចបន្តត្រួតពិនិត្យតូបលក់ស្រានៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាបន្ត ដោយសង្ស័យថាតូបមួយចំនួនអាច និងមានបទល្មើសដូចករណីខាងលើនេះផងដែរ ៕ វណ្ណា


ចែករំលែក៖