ប្រជាពលរដ្ឋក្រីក្ររកស៊ីនេសាទលក្ខណៈគ្រួសារ ឬការដាក់ឧបករណ៍ល្មើសច្បាប់ តូចតាចមុខជាត្រូវក្រុមលោក យ៉ាន់ វិសាក់ ហៅសែ ចាប់បង្ក្រាបជាមិនខាន ប៉ុន្តែពួក ឈ្មួញប្រព្រឹត្តនេសាទល្មើសច្បាប់ធំៗមិនឃើញក្រុមលោកសែបង្ក្រាបនោះទេ។ ពួកគេបង្ក្រាបរាស្រ្ត ក្រីក្រថតបង្ហាញស្នាដៃ ជូនថ្នាក់ដឹកនាំខេត្តឲ្យដឹងថា ពួកគេបង្ក្រាបមិនលើកលែងនោះ ឡើយ។ ប៉ុន្តែការណ៍ពិតពួកឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ទ្រង់ទ្រាយធំ ពាសវាលពាសកាល មិនដែលឃើញសមត្ថកិច្ចជលផលរបស់ក្រុមលោក យ៉ាន់ វិសាក់ ហៅសែ ចុះបង្ក្រាបម្តងណាឡើយ។ ពួកអ្នកនេសាទល្មើសច្បាប់ធំៗ អះអាងថា បាន បង់ប្រាក់ដាក់ខែជូនលោក យ៉ាន់ វិសាក់ ហៅសែ រាប់ពាន់រាប់ម៉ឺនដុល្លារ។ នៅតំបន់ ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នករកស៊ីល្មើសច្បាប់ណាក៏ស្គាល់លោក យ៉ាន់ វិសាក់ ហៅសែនោះដែរ។
អាជ្ញាធរខេត្តកំពង់ធំបានចាត់តាំងមន្រ្តីច្រើនស្ថាប័នសហការជាមួយរដ្ឋបាលជលផល ឲ្យចុះបង្ក្រាបបទល្មើសនេសាទគ្រប់ទីកន្លែងនៅក្នុងតំបន់បឹងទន្លេសាបក្នុងខេត្ត កំពង់ធំ។ ប៉ុន្តែសកម្មភាពបង្ក្រាបបានតែទៅលើពលរដ្ឋក្រីក្រ រីឯពួកឈ្មួញធំៗមិនដែល ឃើញបង្ក្រាបនោះទេ។ ពួកលោក យ៉ាន់ វិសាក់ ហៅសែ ដើរជៀសចំពោះបទ ល្មើស ឬទីកន្លែងណាដែលឈ្មួញបង់ប្រាក់ឲ្យខ្លួនហើយនោះ។ មុននឹងចុះទៅបង្ក្រាប ពួកគេទាក់ទងគ្នាយ៉ាងច្បាស់លាស់ ថាតើត្រូវចុះទៅចំណុចណាខ្លះ ដើម្បីកុំឲ្យចំ កន្លែងដែលពួកអ្នកនេសាទល្មើសច្បាប់បង់ប្រាក់ឲ្យហើយនោះ។ ក្រុមលោក យ៉ាន់ វិសាក់ មិនដែលខ្វល់ចំពោះការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះឡើយ ។ ប្រធានមន្ទីរកសិកម្មក៏ដូចជាអាជ្ញាធរខេត្តកំពង់ធំមិនដែលខ្វល់ អំពីសុខទុក្ខ ឬការ លំបាករបស់រាស្រ្តនោះទេ។
លោក យ៉ាន់ វិសាក់ ហៅសែ ត្រូវបានប្រជាពលរដ្ឋឲ្យរហស្សនាមថាជា ស្តេចត្រាញ់ នៃការកសាងបទល្មើសនៅបឹងទន្លេសាប។ នៅគ្រាដែលមន្រ្តីជលផល ក៏ដូចជាប្រធាន មន្ទីរកសិកម្មខេត្តកំពង់ធំ មិនដែលខ្វល់អំពីបញ្ហាបង្ក្រាបបទល្មើសនេសាទនោះ ថ្នាក់ ដឹកនាំខេត្តកំពង់ធំក៏ផ្តេកផ្តួលតាមដំណើររបស់ពួកមន្រ្តីជលផលទាំងនោះដែរ។ ពួក ជលផលដែលយកលុយពីបទល្មើសអះអាងថា គ្មានបទល្មើសនេសាទទេឆ្នាំនេះ ពី ព្រោះមិនសូវមានត្រីដូចឆ្នាំមុនៗ។ ដោយសារតែជឿលើការភូតបោករបស់ពួកមន្រ្តី ជលផល តួយ៉ាងដូចជាលោក យ៉ាន់ វិសាក់ ហៅសែនោះហើយ ទើបអាជ្ញាធរខេត្ត កំពង់ធំមិនខ្វល់នឹងការដែលត្រូវចុះបង្ក្រាបបទល្មើសនេសាទ និងម្យ៉ាងទៀតយល់ថា ឆ្នាំនេះមិនសូវមានត្រី ដូច្នេះក៏មិនសូវមានបទល្មើស។ តាមពិតបទល្មើសពេញបឹងទន្លេ សាប ជាពិសេសនៅតំបន់ផាត់សណ្តាយ ស្ថិតក្រោមដែនអំណាចគ្រប់គ្រងរបស់លោក យ៉ាន់ វិសាក់ ហៅសែនេះឯង៕