ភ្នំពេញ៖ ក្រុមហ៊ុន ហាន់ស៊ីង(HanShin) របស់កូរ៉េ ដេញថ្លៃបានគម្រោងស្ថាបនាឡើងវិញសាងសង់ផ្លូវជាតិជាច្រើននៅកម្ពុជា ប៉ុន្តែភាពចន្លោះប្រហោងការងារ ឃើញថាគម្រោងនីមួយៗមិនទាន់ស្ថាបនារួចរាល់ គ្មានគុណភាព បទដ្ឋានបច្ចេកទេស ករណីខ្លះដេញថ្លៃបានម៉ៅការបន្តឲ្យក្រុមហ៊ុនតូចៗ និងដេញថ្លៃបានក៏មិនព្រមដំណើរការជាដើម ដូចជាផ្លូវជាតិលេខ២ ដេញបានជិត១ឆ្នាំហើយ មិនព្រមដំណើរការស្ថាបនារហូតដល់បច្ចុប្បន្ន ។
បើនៅផ្លូវជាតិលេខ៥ ក្រុមហ៊ុន ហេង សម្បត្តិ បិទការដ្ឋានជាស្ថាពរ មិនដំណើរការសាងសង់ផ្លូវជាតិលេខ៥ ករណីម៉ៅការបន្តពីក្រុមហ៊ុន ហាន់ស៊ីង(HanShin) សង្ស័យបានតម្លៃទាប ឬខ្វៈថវិកាពីផ្គត់ផ្គង់ ។ ចុងក្រោយដឹងថា៖ ក្រុមហ៊ុន ហេង សម្បត្តិ មកធ្វើសាងសង់នៅខេត្តព្រះសីហនុទៅវិញ ដែលពុំទាន់ឃើញខាងក្រសួងសាធារណការ និងដឹកជញ្ជូន .គម្រោង JACA ចាប់អារម្មណ៍ក្នុងគម្រោងស្ថាបនាឡើងវិញសាង់សង់ផ្លូវជាតិលេខ៥នៅឡើយ ។
សូមបញ្ជាក់ថា៖ គេបានដឹងហើយថា ក្រុមហ៊ុន ហាន់ស៊ីង(HanShin) របស់កូរ៉េដេញថ្លៃបានសាងសង់ផ្លូវជាតិលេខ៥ ជាង៥១គីឡូម៉ែត្រលើទឹកប្រាក់ជាង៨៥លានដុល្លារ ក្នុងនោះដំណើរសាងសង់ គឺក្រុមហ៊ុន ហាន់ស៊ីង(HanShin) ត្រូវពឹងផ្អែកលើក្រុមហ៊ុនផ្សេងៗទៀតម៉ៅការបន្ត ខណៈខ្លួនខ្វះនូវគ្រឿងចក្រជាមធ្យោបាយ ។ ករណីសាងសង់ផ្លូវជាតិ៥ កំពុងជួបបញ្ហា បន្ទាប់ពីក្រុមហ៊ុន ហេង សម្បត្តិ បិទការដ្ឋានទាំងស្រុងមិនដំណើរការបន្ត បង្កើតជាឧបស័គ្គធំធេងដល់ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវជាតិ លំបាកគ្រប់បែបយ៉ាងក្នុងការធ្វើចរាចរណ៍ទាំងថ្មើជើង ម៉ូតូ ឡាន ចូលលំនៅដ្ឋាន ដោយសារការឈូសឆាយ កាយដី ប្រឡាយ មិនបានចាត់ចែងចាក់បំពេញឲ្យបានត្រឹមត្រូវឡើងវិញតាមបទដ្ឋានបច្ចេកទេស ។ ពិសេសអ្នកធ្វើដំណើរជាតិ-អន្តរជាតិ ងាយរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងការបើកបរជាដើម ។
សូមរម្លឹកថា៖ ក្រុមហ៊ុន ហាន់ស៊ីង(HanShin) ដេញថ្លៃបានសាងសង់ផ្លូវជាតិលេខ៥ ជាង៥១គីឡូម៉ែត្រលើទឹកប្រាក់ជាង៨៥លានដុល្លារ ហើយបានឲ្យក្រុមហ៊ុនចំនួន២ ម៉ៅការសាងសង់បន្ត គឺ ១-ក្រុមហ៊ុន ហេង សម្បត្តិ, ២-ក្រុមហ៊ុន ដូនពេញ ។ តែក្រុមហ៊ុន ហេង សម្បត្តិ រត់ចោលហើយ ទើបការស្ថាបនាសាងសង់ផ្លូវជាតិលេខ៥នេះ ដំណើរការរអាក់រអួល យឺតដូចអណ្តើតវារ សឹងបាត់បង់ដំណើរការទាំងស្រុងលើកំណាត់ផ្លូវជាតិលេខ៥ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ មានន័យថា (ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អម ខេត្តពោធិ៍សាត់) ។ បញ្ហានេះតើក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវគិតយ៉ាងណាចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមដងផ្លូវ មានបញ្ហាគ្រហុក ប្រឡាយ ដីទួល និងអ្នកធ្វើដំណើរងាយជួបគ្រោះថ្នាក់ចរាចរណ៍.? ក្រុមហ៊ុន ហាន់ស៊ីង(HanShin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធនិងការដេញថ្លៃសាងសង់ផ្លូវជាតិ២១ ស្ថាបនាគ្មានគុណភាព ដែលលោក ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល មិនអាចទទួលយកបាននូវពីការធ្វើគ្មានស្តង់គុណភាព កាលពីដើមឆ្នាំ២០១៩ ។ នេះបើតាមការបង្ហើបឲ្យដឹងពីមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូនចំពោះការស្ថាបនាសាងសង់ផ្លូវជាតិ២១ ពីក្រុងតាខ្មៅទៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ព្រំដែនកម្ពុជា-វៀតណាម ។ ដោយឡែកផ្លូវជាតិលេខ២ ដេញថ្លៃបានជិត១ឆ្នាំ ក៏មិនទាន់ដំណើរ សុទ្ធតែផ្ទុយនិងការចង់បានពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គិតគូរពីសមិទ្ធផល ជាចំណងដៃជូនជនរួមជាតិ ។
សូមបញ្ជាក់ថា៖ មិនដឹងជាក្រុមហ៊ុន ហាន់ស៊ីង(HanShin) មានលក្ខណៈពិសេសត្រង់ចំណុចណាទេ ខណៈសាងសង់ផ្លូវជាតិគ្មានគុណភាព គ្មានស្តង់ដារបទដ្ឋានបច្ចេកទេស ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើផ្លូវទុកឲ្យនៅមេម៉ាយ ធ្វើបណ្តើរខូចបណ្តើរ តែមានឱកាសដេញថ្លៃនូវគម្រោងស្ថាបនាឡើងវិញនូវផ្លូវជាតិសំខាន់ៗ ពិសេសជាគម្រោងប្រទេសជប៉ុន គ្រប់គ្រងដោយគម្រោង JICA ជាដើម ។ គួរណាស់ម្ចាស់គម្រោង(ជប៉ុនក៏ដូចខាង JICA) សិក្សាពីក្រុមហ៊ុនហាន់ស៊ីង(HanShin)ឡើងវិញ ឲ្យមានការទទួលខុសត្រូវ បញ្ជៀសការដេញថ្លៃដាក់តម្លៃទាបជាងគេដើម្បីយកគម្រោង តែជាលទ្ធផលការសាងសង់គ្មានស្តង់ដារ និងជួបឧបស័គ្គផ្នែកហរិញ្ញវត្ថុ គ្រឿងចក្រ ខណៈក្រុមហ៊ុនហាន់ស៊ីង(HanShin) តែងពឹងផ្អែកទាំងស្រុងលើការ ម៉ៅការបន្តឲ្យក្រុមហ៊ុនផ្សេងៗ ។
ពាក់ព័ន្ធក្នុងករណីក្រុមហ៊ុន ហាន់ស៊ីង(HanShin)សាងសង់ផ្លូវជាតិលេខ៥ ឈានដល់ក្រុមហ៊ុន ហេង សម្បត្តិ ម៉ៅការបន្តបោះបង់ការងារចោល រត់បាត់ និងនៅសល់តែក្រុមហ៊ុន ដូនពេញ មួយប៉ុណ្ណោះ អាចទុកផ្លូវជាតិ៥ ឲ្យនៅមេម៉ាយ គឺខាងអង្គភាព(នគរវត្ត) មិនអាចទាក់ទងសុំការបំភ្លឺ និងបកស្រាយបានទេពីតំណាងក្រុមហ៊ុន និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងទៅបានប្រាប់អង្គភាព (នគរវត្ត) ថា៖ បញ្ហានេះខ្ញុំទើបតែនិងដឹងខ្លះៗពីខាងសារព័ត៍មាន លើការអាក់ខានដំណើរការក្រុមហ៊ុន ហាន់ស៊ីង(HanShin)សាងសង់ផ្លូវជាតិលេខ៥ ហើយក៏ត្រូវសិក្សាពីមូលហេតុណាមួយឲ្យបានជាក់លាក់ ខណៈករណីខ្លះអាចនិយាយបានថា ក្នុងកាលៈទេសៈរដូវវស្សា ជួបគ្រោះធម្មជាតិក៏ខកខានដំណើរ តែបើមិនដំណើរដោយប្រការអ្វីផ្សេងនោះ ចាំក្រុមការងារពិនិត្យជាក់ស្តែង ។
ដោយឡែកករណីផ្លូវជាតិលេខ២ ក្រុមហ៊ុន ហាន់ស៊ីង(HanShin) ដេញថ្លៃបានជិត១ឆ្នាំហើយ មិនទាន់បានដំណើរការ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គឺ លោក គង់ វិមាន បានបញ្ជាក់ថា៖ ករណីនេះខាងអន្តរក្រសួងកំពុងរៀបចំតាមដាននិងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត និងសំណូមពរឲ្យខាងសារព័ត៍មាន សហការផ្តល់ព័ត៍មានពិត មានមូលដ្ឋានជាក់លាក់ ជៀសវាងការសរសេរ ឬផ្សព្វផ្សាយមិនគ្រប់ជ្រុងជ្រោយ ខុសពីគោលការណ៍ ខណៈរាល់ការស្ថាបនាសាងសង់ផ្លូវជាតិនិមួយៗ សុទ្ធតែមានកិច្ចសន្យាពីពេលវេលា និងគុណភាព បទដ្ឋានបច្ចេកទេសច្បាស់លាស់បំផុត ។
ក្រុមហ៊ុន ហាន់ស៊ីង(HanShin) អាចនឹងប្រឈមការចុះអធិការកិច្ចពីក្រសួងសាធារណការ និងដឹកជញ្ជូន, ម្ចាស់គម្រោង JACA ដើម្បីឲ្យកម្ពុជាទទួលបានសំណង់រឹងមាំ មានគុណភាព មានតុល្យភាពនិងតម្លៃ៕ សុខ ខេមរា