ភ្នំពេញ ៖ កម្លាំងនគរបាលសង្កាត់ព្រែកថ្មី បានឃាត់ខ្លួនចោរថ្លើមធំ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋផ្ទះបានសម្រេចហើយព្យាយាមរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលសមត្ថកិច្ចមូលដ្ឋានកំពុងជិះល្បាតប្រទះឃើញ នាំគ្នាដេញតាមក្របួចជាប់តែម្តង ។
ករណីចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ទី១- ថោង សុថារ័ត្ន ភេទប្រុស អាយុ២១ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ(មានប្រើប្រាស់ថ្នាំញៀន) និង២-ឈ្មោះជេត គង់ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅ ភូមិ ចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ជនសង្ស័យត្រូវសមត្ថកិច្ចល្បាតឃើញប្រដេញចាប់ខ្លួនបាននៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះឈ្មោះជូ ចាន់រ៉ា ភេទស្រី អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅ ផ្ទះជួល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងម៉ាក Beat ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខភ្នំពេញ 1HT-9809 (របស់ជនសង្ស័យជិះធ្វើសកម្មភាព) និងទូរស័ព្ទ១គ្រឿងរបស់ជនរងគ្រោះ ។
ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចបញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងអនុវត្តតាមច្បាប់ ៕សណ្ដោស