ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ដែលសមត្ថកិច្ចបានដឹងថា មានសតិមិនគ្រប់ (វិបល្លាសស្មារតី)នោះ បានបើកទ្វាររថយន្តរបស់គេចតទុកនៅស្ងៀមភ្លេចដកសោ ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលចង្កូតធ្លាក់ចូលស្នាមភ្លោះបណ្តាលឲ្យរថយន្តខ្ទេចមុខ និងស្លាប់ខ្លួនឯង។
ករណីនេះបានបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ត ប៊ុន ជា បញ្ជាក់ប្រាប់ថា រថយន្តរបស់គាត់ ត្រូវគេខ្ចីជិះ ហើយមុនកើតហេតុ រូបគាត់ (ប៊ុនជា) កំពុងស្ថិតនៅឯចម្ការ ក្រោយមកគេ (អ្នកខ្ចីឡាន) ទូរស័ព្ទប្រាប់ថា បានយករថយន្តមកសងទុកនៅផ្ទះវិញហើយ តែមិនបានដកសោចេញនោះទេ ។
ប្រភពបន្តថា ស្រាប់តែមួយសន្ទុះក្រោយមក មានទូរស័ព្ទប្រាប់ទៀតថា រថយន្តរបស់គាត់ មានគេបើកក្រឡាប់ខ្ទេចអស់ហើយៗអ្នកបើកនោះ បានស្លាប់បាត់ហើយ ទើបគាត់រួតរះប្រញាប់មកពីចម្ការ ឃើញរថយន្តខ្ទេចអស់ ហើយមានអ្នកស្លាប់ និងមិនស្គាល់ឈ្មោះទៀត។
មន្ត្រីនគរបាលចរាចរណ៍បញ្ជាក់ថា ជនដែលស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះសែម សេរីវណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាមនុស្សបាត់បង់សតិ ស្មារតី មិនសូវគ្រប់ ហើយវង្វេងវង្វាន់ម្តងម្កាល ក្រោយប្រទះឃើញរថយន្តគេទុកនៅផ្ទះ ក៏បើកទ្វារឃើញសោជាប់នឹងរថយន្ត ក៏បញ្ឆះជិះបើកចេញធ្វើព្រងើយ តែបើកបរស្ថិតក្នុងល្បឿនលឿនរេចង្កូតធ្លាក់ប្រឡាយស្នាមភ្លោះស្លាប់តែម្តង។
នគរបាលចរាចរណ៍ ធ្វើកំណត់ហេតុ និងប្រគល់សពជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំបន្តដោះស្រាយតាមនីតិវិធី ៕ មាស សុផាត