ខេត្តសៀមរាប៖ ក្រោយរត់គេចខ្លួន៤ខែ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពតបាន ឃាត់ខ្លួនអ្នកបើកបររថយន្តដឹកភ្ញៀវហើយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យភ្ញៀវទេសចរសញ្ជាតិចិន៣នាក់ស្លាប់ និងរបួសជាច្រើននាក់កន្លងមក នៅលើផ្លូវភ្នំគូលែនស្ថិតនៅ ភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបហើយរត់គេចខ្លួន កាលពីព្រឹកថ្ងៃ២៩ វិច្ឆិកា ឆ្នាំ ២០១៩ វេលា ម៉ោង០៩ និង១៥នាទី ។
លោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួល ការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលដឹកនាំកម្លាំងសហការ ជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពតឃាត់ខ្លួនតៃកុងរថយន្តដែលបង្ក គ្រោះថ្នាក់ចរាចរណ៍ នៅលើ ភ្នំគូលែនបានឲ្យដឹងថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាកម្លាំងផែន ការងារសន្តិសុខផ្ទៃក្នុង ចុះសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពតបានធ្វើការឃាត់ខ្លួនអ្នកបើកបរថយន្តសាំ យ៉ុងដឹកភ្ញៀវទេសចរណ៍ជនជាតិ ចិន ដែលបង្កគ្រោះថ្នាក់លើផ្លូវ ភ្នំគូ លេន ក្រឡាបរថយន្ដបណ្ដាលឲ្យស្លាប់អ្នកជិះ៣ នាក់ និងរបួសជាច្រើននាក់កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ ក្រោយ ហេតុការណ៍អ្នកបើកបររថយន្តបានរត់គេចខ្លួនអស់រយៈពេលជិត៤ខែ ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងផែនការងារសន្តិសុខបាន ដឹកនាំកម្លាំងស្រាវជ្រាវនិងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតឃាត់ខ្លួនជនសង្ស័យតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក មុយ សុភ័ក្ត្រ ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ។
លោក ឧត្តមសេនីយ៍ត្រីបានបន្តទៀតថា កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើចំណុច ខ្នងភ្នំគូលេន ក្នុងនោះមានជនជាតិចិន ចំនួន១៤នាក់ ដែលជាភ្ញៀវរបស់ ក្រុមហ៊ុន ឆាង យ៉ុង ទីតាំងស្ថិតនៅភូមិ មណ្ឌលមួយ សង្កាត់សៀមរាប ក្រុង / ខេត្តសៀមរាប ។ ក្រោយពីបានធ្វើដំណើរតាមកម្មវិធីរបស់ក្រុមហ៊ុនរួចមកក្រុមភ្ញៀវបានធ្វើដំណើរចុះពីភ្នំគូលែនត្រឡប់មកវិញតាមផ្លូវ ថ្មីភូមិពេញឃុំខ្នងភ្នំស្រុកស្វាយលើខេត្តសៀមរាប ។ លុះមកដល់កន្លែងកើតហេតុក៏បានជួបឧប្បត្តិហេតុក្រឡាប់ឡានចុះមកក្រោមបណ្តាលឲ្យ ស្លាប់និងរបួសអ្នកដំណើរជាច្រើននាក់ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញគឺមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបររថយន្ត សាំយ៉ុង ។
បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូង ខេត្តដើម្បីចំណាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី