ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Lexus 470 ចតទុកចោលឆ្លងចរន្តឆេះហ្មត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយឈុល ប្រជាពលរដ្ឋដែលមានលំនៅឋាននៅបុរីលំហែកាយ( BS) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បន្ទាប់ពីឃើញមានអណ្តាតភ្លើងបានឆាបឆេះរថយន្ត Lexus 470មួយគ្រឿងរងការខូចខាតទាំងស្រុង ។

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងថា រថយន្តដែលអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុងជាកម្មសិទ្ធិរបស់ជនជាតិចិនដែលស្នាក់នៅបុរីខាងលើ ហើយបើតាមការបង្ហើបឲ្យដឹងពីម្ចាស់រថយន្តថា រថយន្តខាងលើនេះរូបគាត់ចតទុកចោលខានប្រើប្រាស់ជាច្រើនថ្ងៃមកហើយ ។តាមការសន្និដ្ឋានរបស់ម្ចាស់រថយន្តថា មូលហេតុនៃការឆាបឆេះអាចបណ្តាលមកពីឆ្លងចរន្តភ្លើងចេញពីក្បាលអាគុយ ។

នៅពេលកើតហេតុ បានប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរគ្នា និងកម្លាំងប្រជាការពារនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានខាងលើជួយអន្តរាគមន៍ យកទុយយោទឹកបាញ់ទឹកពន្លត់ តែមិនអាចជួយទប់ស្កាត់បានដោយសារតែការឆាបឆេះសាំងនៅក្នុងរថយន្តលឿនពេក ធ្វើឲ្យរថយន្តរងការខូចខាតទាំងស្រុង ប៉ុន្តែមិនឆេះឆ្លងរាលដាលដល់លំនៅឋានប្រជាពលរដ្ឋជិតខាងឬរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖