ខេត្តកំពង់ស្ពឺ៖ កាលពីសៀល ថ្ងៃ សុក្រ ៣កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបុរសម្នាក់ស្លាប់ដោយសាររថយន្តជាប្រភេទម៉ាស៊ីនច្រូតអំពៅកិនស្លាប់ នៅក្នុងចម្ការអំពៅក្រុមហ៊ុនឈុនទ្រីនៅត្រង់ចំណុចភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។
ប្រភពព័ត៌មានពីកន្លែងកើតហេតបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះមានឈ្មោះ គង់ ផុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ បានផឹកស្រាស្រវឹង(ស្លាប់) ។ ពេលនោះស្ត្រីម្នាក់ឈ្មោះ អ៊ីម វិន អាយុ៤៩ឆ្នាំ ត្រូវជាពន្ឋជនរងគ្រោះបាននិយាយថា ប្តីគាត់បានដើរទៅហូបបាយនៅផ្ទះក្នុងភូមិឃុំកើតហេតុខាងលើទាំងស្រវឹងស្រាហើយគាត់បានស្តីបន្ទោសឱ្យប្តីថា គិតតែស្រវឹងមិនខំរកស៊ី និងគេទេបើកភ្នែកមិនទាន់ស្រវឹង។ ក្រោយមកជនរងគ្រោះមិននិយាយស្តីអ្វីទាំងអស់រួចក៏ដើរចូលទៅដេកនៅក្នុងចម្ការអំពៅបាត់ទៅ ឯប្រពន្ធក៏ដើទៅកន្លែងរោងចាំចម្ការអំពៅបាត់ដែរ ។
ប្រភពដដែលបានបន្តថា រហូតដល់ម៉ោងកើតហេតុទើបស្ត្រីជាប្រពន្ធដឹងថា ប្តីរបស់គាត់ត្រូវរថយន្តកិនស្លាប់បាត់ទៅហើយ ដោយទំនងអ្នកបើកម៉ាស៊ីនកាត់អំពៅមិនដឹងថា ជនរងគ្រោះដេកក្នុងចម្ការអំពៅហើយពេលបញ្ជាម៉ាស៊ីនកាត់អំពៅក៏កិនស្លាប់ទៅ ។
បន្ទាព់មកមន្ត្រីជំនាញបានស្រាវជាវរកអ្នកបើកបររថយន្តច្រួតអំពៅនោះដែលស្គាល់ ឈ្មោះ រាជ ភេទប្រុស អាយុ២២ឆ្នាំ មុរខរបរបើករថយន្តច្រូតអំពៅជាអ្នកបង្កគ្រោះថ្នាក់ដល់អ្នកស្លាប់ តែបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ។
ក្រោយពីមន្ត្រីជំនាញពិនិត្យសពជនរងគ្រោះរួច បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯ វត្ថុតាងរថយន្តច្រូតអំពៅមួយគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រង់ចាំដោះស្រាយនៅពេលក្រោយ៕ ប្រាថ្នា