ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងយកសំបកកេសក្រដាសបន្តិចបន្តួច បុរសម្នាក់វាយ២នាក់ប្តីប្រពន្ធប៉ោងភ្នែក រួចគេចខ្លួនបាន៥ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានប្រើហិង្សាទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធបណ្ដាលឲ្យរបួសប៉ោងភ្នែក រួចគេចខ្លួនបាត់៥ថ្ងៃក្រោយត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន គ្រាន់តែរឿងយកសំបកកេសក្រដាសរបស់ជនដៃដល់ទុកនៅមុខផ្ទះ ហើយជនរងគ្រោះបានទៅយកសំបកកេសនោះមកបាំងកញ្ជក់រថយន្តឲ្យភ្ញៀវចូលញុំអីក្នុងហាង ។

លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីហិង្សាខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខផ្ទះលេខ១៣ ផ្លូវជាតិលេខ១ ភូមិបឹងឈូល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយជនបង្កទើបចាប់ខ្លួនបាននៅរសៀលថ្ងៃទី២៩វិច្ឆិកានេះ បន្ទាប់ពីគេចខ្លួនបាត់រយៈពេល៥ថ្ងៃ ។

លោកអធិការរងបន្តថា ជនសង្ស័យឈ្មោះ យូ រស្មី ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរប៉ះកង់ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនរងគ្រោះ ឈ្មោះ ស ប៊ុនហាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅអាហារដ្ឋានម៉ារ៉ាឌី ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះកំពុងឈរយាមនៅមុខអាហារដ្ឋាន ម៉ារ៉ាឌី ពេលនោះក៏មានភ្ញៀវបើករថយន្តមកឈប់មុខហាងចូលញុំាអាហារ រួចជនរងគ្រោះ ក៏ទៅយកសំបកកេសក្រដាសដែលទុកនៅមុខផ្ទះជនសង្ស័យ (ចំណុចកើតហេតុ) មកបាំងកញ្ចក់រថយន្តឲ្យភ្ញៀវ ស្រាប់តែជនសង្ស័យចេញពីក្នុងផ្ទះ ស្រែកជេរជនរងគ្រោះថា អ្ហែងមានខួរក្បាលអត់ បានមកយកសំបកកេសក្រដាសរបស់អញចឹង! ជនរងគ្រោះឆ្លើយថា ជារបស់ខ្ញុំទេ! ហើយក៏ទាស់ពាក្យសម្ដីគ្នា រួចជនសង្ស័យស្ទុះចាប់ ក អាវវាយពីរដៃចំភ្នែកខាងស្តាំប៉ោងជាំ និង បែកចិញ្ចើមខាងស្តាំ បន្ទាប់មកប្រពន្ធជនរងគ្រោះឃើញ ក៏ចូលមកឃាត់ ក៏ត្រូវបានជនសង្ស័យទះមួយដៃចំក្បាលដួលទៅលើដី រួចក៏មានអ្នកក្បែរនោះជួយឃាត់ ហើយជនសង្ស័យ ក៏ដើរគេចចេញទៅបាត់។

លុះដល់ថ្ងៃទី២៩ វិច្ឆិកា វេលាម៉ោង១៧និង០០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕សណ្ដោស


ចែករំលែក៖