ខេត្តបាត់ដំបង ៖ កាលពីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង២០នាទី កម្លាំងនគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង័្សយ ចំនួន ០៥នាក់ ករណីបង្កហិង្សាដោយចេតនា បណ្តាលឲ្យអ្នកដទៃរងរបួសស្នាម ។
សមត្ថកិច្ចនគរបាលជំនាញក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យទាំង ០៥នាក់ដែលខ្លាំងខាងអុកឡុកបង្ករងស្នាមនោះ មានឈ្មោះ ឈ្មោះ ពៀន បៀន ភេទប្រុស អាយុ ៣៤ឆ្នាំ, ឈ្មោះ នី ណារី ភេទប្រុស អាយុ ៣១ឆ្នាំ,
ឈ្មោះ ហៀន ចិន ភេទប្រុស អាយុ ៣១ឆ្នាំ,
ឈ្មោះ ធី លី ភេទប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ ងៀន ងើប ភេទប្រុស អាយុ ២២ឆ្នាំ ជនសង្ស័យទាំង ០៥នាក់នេះ មានទីលំនៅ ភូមិសំបកមាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដូចគ្នា មកធ្វើការជាកម្មករនៅក្រុងបាត់ដំបង ។
សមត្ថកិច្ចជំនាញបានបន្តទៀតថា ជនសង័្សយទាំង៥នាក់ខាងលើ ដែលបានបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធ) ដែលធ្វើសកម្ម
ភាពទៅលើជនរងគ្រោះឈ្មោះ អាយុ ២៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស នៅត្រង់ចំណុចក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
បន្ទាប់ពីបានឃាត់ខ្លួនសង្ស័យរួចក៏សាកសួរ ស្រាវជ្រាវ ជនសង្ស័យខាងលើត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ស សារ៉េត