ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងធនធានទឹក ជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិការ៉ាតេកម្ពុជា មុនពេលចាកចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៩ នេះផងដែរ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានសហព័ន្ធការ៉ាតេដូកម្ពុជា បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិការ៉ាតេកម្ពុជា មុនពេលចាកចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានសំដែងនូវក្តីមោទន:ចំពោះការរីកចម្រើនរបស់វិស័យកីឡាការ៉ាតេនៅកម្ពុជា ហើយលោករដ្ឋមន្ត្រីសង្ឃឹមថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាលើកនេះ កីឡាករ កីឡាការិនី នឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមដណ្ដើមមេដាយ ជូនប្រទេសជាតិ ។
ទន្ទឹមនឹងការលើកទឹកចិត្ត ការផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ឯកឧត្តមរដ្ឋមន្ត្រីក៏បានឧបត្ថម្ភនូវថវិកាចំនួន ៤០ លានរៀល ដល់ប្រតិភូកីឡាការ៉ាតេកម្ពុជាផងដែរ ។
សូមបញ្ជាក់ជូនថា ប្រតិភូកីឡាការ៉ាតេជម្រើសជាតិកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖