ខេត្តសៀមរាប៖ បុរសចិត្តខ្លាំងម្នាក់ទាញកាំបិតដេញកាប់មេតុងទីនរត់បាតជើងសព្រាត ដោយសាររឿងជំពាក់លុយតុងទីនមិនព្រមសង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយប្រើ(គំរាមនិងអាវុធកាំបិត) បណ្ដាលឲ្យជនរងគ្រោះបាក់ជើងដោយសាលោតចេញក្រៅរបងផ្ទះ នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យុន ប៉ូណាត់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរ មេតុងទីន ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះជាមេតុងទីន ហើយបានជំពាក់លុយកូនតុងទីនឈ្មោះ មេសា នូវទឹកប្រាក់ចំនួន២២លាន៥០ម៉ឺនរៀល ត្រូវជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ម៉ិក ផា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរ បោចមាន់លក់ ។
ដំណើររឿងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យបានទៅទារលុយតុងតីនតែមិនបាន លុះដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទីរសៀល ជនសង្ស័យមកពីផ្សារឃើញផ្ទះជនរងគ្រោះបើកទ្វាររបង ពេលនោះ ជនសង្ស័យបានជិះម៉ូតូទៅផ្ទះរបស់ខ្លួនហើយយកកាំបិតរួចជិះម៉ូតូមកសម្លុតទារលុយ ដែលជនរងគ្រោះបានជំពាក់នោះ ។ ពេលនោះ ជនរងគ្រោះ ភ័យក៏លោតផ្លោះរបងផ្ទះខ្លួនចេញទៅក្រៅផ្ទះ រួចចូលទៅក្នុងដីរបងផ្ទះឈ្មោះ គីន នៅខាងកើតផ្ទះរបស់ខ្លួនបណ្ដាលឲ្យបាក់ជើងខាងឆ្វេង ។ ជនសង្ស័យក៏បានលោតតាមហើយបិទទ្វាររបង ចាក់សោរួចនិយាយទៅកាន់ជនរងគ្រោះថា បើមិនយកលុយឱ្យទេ គេនឹងកាប់ចោល ។
ពេលនោះសមត្ថកិច្ចក៏បានទៅដល់ឲ្យជនសង្ស័យទម្លាក់កាំបិតចុះ តែជនសង្ស័យមិនព្រម លុះត្រាតែបានលុយសិន ។ បន្ទាប់មកបងប្អូនជនរងគ្រោះបានរកលុយឱ្យទៅប្រពន្ធជនសង្ស័យបានចំនួន២២លានរៀល ទើបជនសង្ស័យព្រមដាក់កាំបិតចុះ ហើយឲ្យសមត្ថកិច្ចឃាត់ខ្លួន ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាន់កាំបិតទៅសម្លុតទារលុយជំពាក់ពីជនរងគ្រោះពិតប្រាកដមែន ដោយជនរងគ្រោះមិនព្រមសងលុយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចំណាត់ការបន្តតាមច្បាប់ ៕ ប៊ុនរិទ្ធី