ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកមុខកំពូលឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាកទឹកកកចំនួន៨កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីនេះ ធ្វើឡើង កាលពីវេលាម៉ោង២៣និង៥០នាទីថ្ងៃសៅរ៍ ទៅ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគងជ័យឃុំ ព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៨កញ្ចប់ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលជំនាញស្រុក បានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិឃុំកើតហេតុ ។ បន្ទាប់ពីទទួលបានព័ត៌មានរួច ភ្លាមនោះ កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដំបង ចុះដល់ចំណុចកើតហេតុ រួចឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៨កញ្ចប់ ឈានដល់ឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័បានសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីជនមិនស្គាល់អត្ដសញ្ញាណម្នាក់ នៅក្តាន់ពីរ រាជធានីភ្នំពេញ ក្នុងតម្លៃ២០០,០០០រៀល ដើម្បីទៅចែកចាយលក់បន្ត ៕ ស្អាងជ័យ