ខេត្តកណ្ដាល៖ ផ្ដើមចេញពីរឿងទិញស្រាយកមកផឹកថែម ធ្វើឲ្យបុរស២នាក់ ដែលកំពុងផឹកជាមួយគ្នា ទាក់មាត់ទាក់កឈ្លោះគ្នា រហូតធ្វើឲ្យបុរសម្នាក់ ទប់កំហឹងខ្លួនឯងមិនបាន បានស្ទុះទៅយកកៅអីវាយទៅលើបុរសម្នាក់ទៀត បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ ករណីនេះ កើតឡើងកាលពីយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ផារ៉ុម ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯជនរងគ្រោះឈ្មោះ ធឺម សាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិ-ឃុំ-កើតហេតុ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ រួមទាំងបក្ខពួកម្នាក់ទៀត បាននាំគ្នាផឹកស្រាក្រោមផ្ទះជនរងគ្រោះ លុះដល់វេលាម៉ោង ២២និង០០ នាទី អស់ស្រា ជនរងគ្រោះ ក៏បានឲ្យលុយទៅឈ្មោះ ចឺម ហួរ ដែលជាអ្នកផឹកជាមួយគ្នាចំនួន ១៥០០០រៀល ដើម្បីទិញស្រាបៀរថែម ហើយនិយាយថា អញទិញស្រាអស់មួយកេះហើយ ឮដូច្នោះ ជនសង្ស័យនិយាយថា អញទើបមកក្រោយគេ ផឹកបានមួយកំប៉ុងនឹងឲ្យអញទិញស្រាថែម ភ្លាមនោះជនរងគ្រោះនឹងជនសង្ស័យ ក៏មានទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក រហូតធ្វើឲ្យជនសង្ស័យទ្រាំនឹងជនរងគ្រោះពុំបាន ក៏យកកៅអីដែកទៅវាយជនរងគ្រោះ៣កៅអី តែជនរងគ្រោះបានយកដៃខាងឆ្វេងរង បណ្តាលឲ្យត្រូវកដៃខាងឆ្វេង១កន្លែង បែកថ្ងាស១កន្លែងដេរ៣ថ្នេរ និងរបួសក្បាល១កន្លែង បន្ទាប់មកអ្នកទាំង២បានបែកចេញពីគ្នាទៅផ្ទះរៀងខ្លួន ។ លុះមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង៨ព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល ដើម្បីចាត់ការតាមច្បាប់ ។
បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទទួលបានពាក្យបណ្ដឹងរួច ភ្លាមនោះ ក៏ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ