ព័ត៌មានទាន់ហេតុការណ៍៖

ដុតសំរាមក្បែរផ្ទះបាយ ចៃដន្យរាលឆេះគ្មានសល់ នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងអ្នកភូមិនាំគ្នាជួយបាញ់ពន្លត់ អកុសលមិនអាចគ្រប់គ្រងស្ថានការណ៍បាន ដោយភ្លើងឆេះពេញក្រមុំ ខណៈដែលដុតសំរាមក្បែរខាងក្រោយផ្ទះបាយ បណ្ដាលឲ្យរាលឆាបឆេះគ្មានសល់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ម៉ៅ ម៉ាន អាយុ៦៥ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ហុក មាន អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពបន្តថា ផ្ទះដែលរងការឆាបឆេះមានទំហំទទឹង៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ដំបូលប្រក់សង្គ័សី ជញ្ជាំងស្លឹក ខូចខាតទាំងស្រុង ។

ចំណែកសម្ភារ រួមមានផ្ទាំងសូឡាមួយ អាគុយ៥០អំប៊ែមួយ និងសំលៀកបំពាក់ និងថវិកាមួយចំនួន ផងដែរ ។

តាមម្ចាស់ផ្ទះបានប្រាប់ថា មុនកើតហេតុ គាត់បានដើរប្រមូលសំរាមហើយក៏បានដុតក្បែរផ្ទះបាយខាងក្រោយ ស្រាប់តែបណ្ដាលឲ្យឆាបឆេះពន្លត់មិនទាន់ ក៏ស្រែកហៅអ្នកភូមិជួយពន្លត់ និងរាយការណ៍ មកសមត្ថកិច្ចតែម្ដង ។

ប្រភពបន្តថា ដោយស្ថានភាពផ្លូវតូចចង្អៀត មិនអាចរថយន្តពន្លត់អគ្គិភ័យបាញ់អន្តរាគមន៍នោះទេ ៕ យឹម សុថាន


ចែករំលែក៖