ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ៣នាក់ ចូលលួចលុយក្នុងរោងចក្រ Eminent Garmentយកលុយអស់ជាង៣ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ៣នាក់ ចូលធ្វើសកម្មភាពគាស់ទូដែកក្នុងរោងចក្រកាត់ដេរយីហោ Eminent Garment (ខេមបូឌា ហ្គាឌិន លីមីតធីត) លួចលុយអស់ជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ករណីនេះ កើតឡើងនៅវេលាម៉ោង២រំលងអធ្រាត ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ពុំស្គាល់អត្ដសញ្ញាណ រីឯជនរងគ្រោះឈ្មោះ PENG HAO JUN ភេប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរនាយកគ្រប់គ្រងរោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកទ្រព្យសម្បត្ដិដែលបាត់បង់មាន៖ ប្រាក់ដុល្លារចំនួនដុល្លារ ៣១,៥៧២ដុល្លារសហរដ្ឋអាមេរិក និងខូចទូដែកចំនួន១គ្រឿងផងដែរ ។

ប្រភពដដែលបន្ដថា ជនរងគ្រោះជាថៅកែរោងចក្របានយកលុយរបស់ខ្លួនទុកក្នុងទូដែក ក្នុងការិយាល័យរបស់ខ្លួន លុះព្រឹកឡើងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលខ្លួនចូលក្នុងការិយាល័យវិញ ស្រាប់តែឃើញទូដែកមានរបើកខ្ទេចខ្ទីបាត់លុយអស់ពីក្នុងទូ ហើយឥវ៉ានក្នុងការិយាល័យរប៉ាតរប៉ាយ ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទឹកវិល ដើម្បីពិនិត្យស្រាវជ្រាវ ។

បន្ទាប់ពីនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្ដទៅនគរបាលជំនាញស្រុក នគរបាលជំនាញខេត្ដ ចុះមកពិនិត្យកន្លែងកើតហេតុ និងមើលកាមេរ៉ាសុវត្ថិភាពឃើញថា ជនសង្ស័យមានគ្នា៣នាក់ ពុំស្គាល់អត្ដសញ្ញាណ ចូលលួចគាស់ទូដែក យកលុយនៅវេលាម៉ោង២រំលងអធ្រាត ។

ក្រោយពីពិនិត្យចប់សប់គ្រប់ នគរបាលជំនាញបានកសាងសំណុំរឿង ដើម្បីស្រាវជ្រាវ រកមុខសញ្ញាទាំង៣នាក់ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖