ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកដ្ឋានរដ្ឋបាលជលផលមើលបទល្មើសនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយផង

ចែករំលែក៖

បើរំពឹងទៅលើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹក នាំខេត្តកំពង់ធំ មិនធ្វើសកម្មភាពទាល់តែសោះ ចំពោះបញ្ហាបទល្មើសនេសាទនៅឃុំ​ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បទល្មើសការប្រើឧបករណ៍ខុសច្បាប់​ច្រើន ស្អេកស្កះពេញផ្ទៃបឹងទន្លេសាប កំពុងកើតមានយ៉ាងសកម្ម។ ភាពមិនយកចិត្តទុក​ដាក់ របស់អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ធំ គឺជាឱកាសដែលធ្វើឲ្យមន្រ្តីជលផល ប្រចាំ តំបន់នោះ ពោលគឺលោក យ៉ាន់ វីសាក់ ហៅសែ ជាជនដែលត្រូវប៉ាន់ជាងគេ ក្នុងការ ប្រមូលលុយពីបទល្មើស។ គាត់ប្រមូលលុយមិនសម្រាប់តែខ្លួនឯងនោះទេ ទំនងជា បានចែករំលែកជូនថ្នាក់ដឹកនាំខេត្តខ្លះដែរ ទើបបានជាថ្នាក់ដឹកនាំខេត្តនេះ ព្រមព្រៀង គ្នាស្ងាត់ស្ងៀម មិនបង្ក្រាបបទល្មើស។

សេចក្ដីរាយការណ៍ពីប្រជានេសាទក្នុងឃុំផាត់សណ្ដាយ បានឲ្យដឹងទៀតថា លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងមន្ត្រីក្រោមឱវាទកំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងគឃ្លើន។ ប្រភពបានឲ្យដឹងទៀតថា ក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ច្រើនប្រភេទក្នុង តំបន់ផាត់សណ្ដាយ ភាគច្រើនជាជនជាតិយួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ។ ប្រភពស្និទ្ធនឹងលោក យ៉ាន់ វិសាក់ ហៅសែ បានឲ្យដឹងទៀតថា ក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទាំងខ្មែរ ទាំងជនជាតិវៀតណាមសុទ្ធតែបង់លុយតាមការកំណត់របស់លោក យ៉ាន់ វិសាក់ ទើបពួកគេអាចប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាប យ៉ាង​មហន្តរាយ។ គេពិបាកនឹងបដិសេធថាគ្មានបទល្មើសនោះណាស់ ពីព្រោះបទល្មើស នៃការប្រើឧបករណ៍ខុសច្បាប់ទាំងនោះ អាចមើលឃើញនឹងភ្នែកទទេបាន។

មានការរិះគន់ចំៗថា លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និង​ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ កំពុងសម្ងំទទួលផលប្រយោជន៍ពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតំបន់បឹងទន្លេសាប ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ជាក់ស្ដែងមួយ រយៈចុងក្រោយនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងរាល ដាលលើផ្ទៃបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ហើយលោក ហម ហ៊ុន និងលោក ប៉ែន វណ្ណរិទ្ធ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ទុកឲ្យលោក យ៉ាន់ វិសាក់ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ បញ្ហានេះជារឿងដែលលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល និងថ្នាក់ដឹកនាំក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយ​តទៅទៀតទេ ក្នុងខណៈដែលបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ មានការកើនឡើងយ៉ាងគំហុកនាពេលបច្ចុប្បន្ន៕


ចែករំលែក៖