ខេត្តតាកែវ៖ មានអគ្គិភ័យមួយបានកើតមានឡើងនៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃ ពុធ ៨កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សេស សុន ភេទប្រុស អាយុ ៧៤ឆ្នាំ មុខរបរកសិក រស់នៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យឆេះខូចខាតផ្ទះមួយខ្នងទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ សង់អំពីឈើដំបូលប្រកក្បឿងរៀបបន្ទប់ក្រោមឆេះខូចខាតទាំងស្រុង។
សមត្ថកិច្ចនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា សម្ភារ:ខូចខាតរួមមានដូចខាងក្រោម៖ គ្រែឈើចំនួន០៤គ្រែ ទូឈើដាក់ខោអាវចំនួន០២ទូ ទូរទស្សន៍ចំនួន២គ្រឿង សម្លៀកបំពាក់មួយចំនួន ចានឆ្នាំងមួយចំនួន និងមិនមានខាតបង់ប្រាក់និងគ្រឿងអលង្កាឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីនេះកើតឡើងបណ្តាលមកពីឆ្លងចរន្តអគ្គិសនីហើយម្ចាស់ផ្ទះមិននៅ រវល់ទៅយកកូននៅសាលារៀន។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចេញអន្តរាគមន៍ តែដោយសារស្ថានភាពផ្លូវតូចចង្អៀតពេក ទើបធ្វើឲ្យរថយន្តចូលពុំរួច។
យ៉ាងណា ក្រោយពេលកើតហេតុលោក កៅ វគ្គសែល អភិបាល នៃគណ:អភិបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ និងលោកមេឃុំលាយបូរព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោកមួយចំនួន ដើម្បីចែកជូនដល់ម្ចាស់ផ្ទះដែលរងគ្រោះដោយសារអគ្គិភ័យខាងលើផងដែរ៕ ប្រាថ្នា