ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក ម៉ាស្ដា ពាក់ស្លាកលេខរដ្ឋ ជ្រុលចង្កូតទៅបុកម៉ូតូរ៉ឺម៉កកង់បីពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងរបួសធ្ងន់ស្រាលជាច្រើននាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីអ្នកបើករ៉ឺម៉កជនរងគ្រោះ និងរបួសស្រាលបានប្រាប់ឲ្យដឹងថា រូបគាត់ រួមមានគ្នា៧នាក់ទៀត ធ្វើដំណើររួមគ្នាដោយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ដោយបានដឹកវាំងននចេញពីកម្មវិធីមួយកន្លែង ធ្វើដំណើរតាមបន្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុក្បែរ និងក្រុមហ៊ុនលក់រថយន្ត ម៉ែកសឺឌេស.ក៏មានរថយន្តមួយគ្រឿងម៉ាក់ ម៉ាស្ដារ ពណ៍ស ពាក់ស្លាកលេខរដ្ធ20 2-8789 ដែលបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ជាមួយ ទិសដៅស្របគ្នាពីក្រោយយ៉ាងលឿនហើយក៏បុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉កក្រឡាប់ផ្ងារជើងទ្រមេឃ និងធ្វើឲ្យអ្នកជិះលើរ៉ឺម៉ករងរបួសធ្ងន់៤នាក់ ស្រាល៤នាក់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ។ ដោយឡែកអ្នកបើកបររថយន្ត និងអ្នករួមដំណើរបានគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្ក ព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ