ភ្នំពេញ៖ គុម្ពត្រែងដ៏ធំល្វឹងល្វើយមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងជាខ្លាំង និងបាននាំគ្នាតទយោទឹកបាញ់ពន្លត់ យ៉ាងញ៉ាប់ដៃញ៉ាប់ជើង កាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅព្រលប់ថ្ងៃកើតហេតុ គឺមានក្មេងៗអ្នករើសអេតចាយ បាននាំគ្នាដុតភ្លើងដើម្បីយកស្ពាន់ពីខ្សែភ្លើងទុកលក់។ ក៏ប៉ុន្តែដោយសារពួកគាត់មានការថ្វេប្រហែសមិនបានពន្លត់ភ្លើងឲ្យរលត់ចប់សព្វគ្រប់ ទើបភ្លើងបានឆេះរាលដាលដល់គុម្ពត្រែង ព្រមទាំងមានខ្យល់បកខ្លាំងផងនោះ ក៏លេចចេញជាអណ្ដាតភ្លើងខ្លាំងឡើងៗ ធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋមានការភ័យខ្លាច ក៏បាននាំគ្នាតទយោទឹកតូចៗបាញ់ពន្លត់យ៉ាងញ៉ាប់ដៃជើងរហូតទាល់តែភ្លើងរលត់ទៅវិញជាស្ថាពរដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់មួយគ្រឿងនោះទេ ។
ក្នុងករណីអគ្គិភ័យនេះ មិនបណ្ដាលឲ្យភ្លើងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ហើយក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ ៕ ភារ៉ា ដង្កោ