ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរណ៍ជនជាតិសិង្ហបុរីម្នាក់បានដេកស្លាប់ដាច់សរសៃឈាមខួរក្បាល

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវ័យចំណាស់ជនជាតិសិង្ហបុរីម្នាក់ បានដេកស្លាប់ និងដាច់សរសៃឈាមខួរក្បាល ពេលបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨ និង៣៥នាទី ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលក្រុងសៀមរាបផ្នែកគ្រប់គ្រងជនបរទេសបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះTAN THIAM HOCK ភេទ ប្រុស កើតថ្ងៃទី ៣០ខែ០៤ឆ្នាំ១៩៥៧ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ E5220869D ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៣ ខែ១២ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប និងបានមកស្នាក់នៅបន្ទប់ជួល លេខ ៣១០ ក្នុងសណ្ឋាគារប៊ូទិកអរិយអង្គររ៉េសុីដិន ស្ថិតក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

យោងរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងទៀតថា ផ្អែកតាមការ​សន្និដ្ឋាន​របស់​សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យ អមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារ ដាច់សសៃឈាមខួរក្បាល ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅ វត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតប្រទេសសិង្ហបុរីប្រចាំប្រទេសកម្ពុជា ៕ ប៊ុនរិទ្ធី


ចែករំលែក៖