ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច  តែត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចតុមុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ កំពុងតែដើរតាមផ្លូវបានសម្រេចហើយ តែត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតក្បែរនោះ ចេញជួយធ្វើអន្តរាគមន៍ក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគារហ៊ីម៉ារី ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង យ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។ ចំណែកវត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន០១គ្រឿងម៉ាក មីអូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BA-5877 របស់ជនសង្ស័យ និងទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក អាយហ្វូន ៨ផ្លើស ពណ៌ស របស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការសាកសួរ ស្រាវជ្រាវរកបក្ខសេសសល់ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖