ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍១គ្រួសារស្លាប់៣នាក់ របួសធ្ងន់ម្នាក់ នៅស្រុកថ្មពួក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្តីប្រពន្ធ និងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម និងកូនស្រីម្នាក់អាយុ៣ឆ្នាំ រង របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ។

ករណីគួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០,១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវអភិវឌ្ឍន៍ ២៥៦៣ ត្រង់ចំណុចខាងលិចផ្លូវបំបែកចូលទៅភូមិសេរីកា ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖ បើតាមសេចក្តីរាយការណ៍របស់នគរបាលស្រុកថ្មពួក ប្រាប់ថា ជនរងគ្រោះ១គ្រួសារ មានប្តី ប្រពន្ធ និងកូន ឈ្មោះ យិន ម៉េងធី ភេទប្រុស អាយុ ៥៦ ឆ្នាំ អ្នកបើកបរម៉ូតូជាប្តីស្លាប់ និងអ្នករួមដំណើរ មានឈ្មោះ សារឿន ភេទស្រីអាយុ ៤៥ ( ជាប្រពន្ធ) ស្លាប់ ,ឈ្មោះ ធី ចាន់ធាន ប្រុស អាយុ ៦ ឆ្នាំ ស្លាប់ (កូន) និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកឈ្មោះ ធី ចាន់ធា ស្រីអាយុ ៣ ឆ្នាំ គ្រួសាររងគ្រោះ មានទីលំនៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកនាយរងការិយាល័យ បានឲ្យដឹងទៀតថា តាមការពិនិត្យនៅកន្លែងកើតហេតុម៉ូតូបានធ្វើដំណើរពីទិសខាងលិចទៅកើត ហើយសង្ស័យអ្នកបើកបរម៉ូតូបើកបុករថយន្តធុនធំពីក្រោយក្នុងទិសដៅ ស្របគ្នា ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍រថយន្តបានបើកគេចខ្លួនបាត់ បន្ស់ទុកតែជនរងគ្រោះ ដេកស្លាប់ និងរបួសរណែតរណូលនៅលើដងផ្លូវ។តាមការពិនិត្យជនរងគ្រោះសង្ស័យបើកម៉ូតូក្នុងល្បឿន លឿន ហើយជ្រុលទៅបុករថយន្តពីក្រោយ បណ្តាលឲ្យរងគ្រោះថ្នាក់ ។សពជនរងគ្រោះ បានប្រគល់ជូន សាច់ញាតិ យកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖