ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ ឆ្មក់បង្ក្រាប រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ដោយមានការបញ្ជាផ្ទាល់ពីលោកអភិបាលស្រុក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តសាំយ៉ុងមួយគ្រឿងលួចឆ្មក់ដឹកឈើខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកដឹកនាំសហការជាមួយកម្លាំងជំនាញ ឆ្មក់បង្ក្រាបបានភ្លាមៗ ទាំងមនុស្ស និងវត្ថុតាង ខណ:ឈ្មួញកំពុងលួចដឹកជញ្ជូនឈើខុសច្បាប់ នៅលើកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចមុខចំការចេក ឋិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង វេលាម៉ោងជិត៥ល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ។

តាមការឲ្យដឹងពីលោកលី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងនៅរសៀលថ្ងៃដដែលនេះថា រថយន្តពណ៌ស គ្មានស្លាកលេខ ដឹកឈើខាងលើចេញពីស្រុកសៀមប៉ាង គោលដៅទៅខេត្ត ក្រោយពីមានការផ្តល់ព៌ត៌មានមក លោកបានបញ្ជា លោកហេង ណាន មេបញ្ជាការកងរាជអាវុធហត្ថស្រុក ដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបភ្លាមៗ ដល់គោលដៅខាងលើ ទើបឈានដល់បង្ក្រាបបានទាំងមនុស្សម្នាក់ រថយន្ត និងឈើសុក្រំតែម្តង ។

លោកហេង ណាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយ បានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍មកថា មានរថយន្តដឹកឈើខុសច្បាប់ ចុះពីរគោលដៅខាងលើ បម្រុងទៅទីរួមខេត្ត ត្រូវកម្លាំងលោកសហការជាមួយជំនាញ ឈានដល់ការចុះបង្ក្រាបទាន់ពេលវេលា ដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ ពីលោកអភិបាលនៃគណ:អភិបាលស្រុក។

បច្ចុប្បន្នរថយន្ត និងឈើចំនួន១៧ដុំ ប្រភេទសុក្រំ និងតៃកុងខាងលើ ត្រូវបានដឹកនាំយកមកទីបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណំរឿងចាត់ការបន្តតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖